រឿង ភូមិជីក្រែង ស្រុកជីក្រែង

ភូមិជីក្រែង ស្រុកជីក្រែង ជាឈ្មោះភូមិស្រុកមួយស្ថិតក្នុងខេត្តសៀមរាប ហើយឈ្មោះនេះ ត្រូវបានប្រជាជន ហៅតៗគ្នាតាំងពីយូរយារណាស់មកហើយ រហូតមកដល់បច្ចុប្បន្ន។ តើហេតុអ្វីបានជាប្រជាជនហៅថា ភូមិជីក្រែង ស្រុកជីក្រែង?
ទាក់ទងនឹងការហៅឈ្មោះនេះ មានរឿងដំណាលបក្សីចាំក្រុង លើកឡើងថា ក្រោយពីព្រះបាទចក្រពត្តិព្រះរាជាកម្ពុជា ក្នុងរជ្ជកាលទី១៦ ទ្រង់ព្រះទិវង្គតទៅ មានបុរសម្នាក់ឈ្មោះដំបងគ្រញូង មានឫទ្ធិអំណាចខ្លាំងពូកែបានសោយរាជ្យក្នុងរជ្ជកាលទី១៧ ដែលជាអ្នកបង្គាប់ឲ្យធ្វើគតព្រះរាជវង្សានុវង្សមុន។ កាលនោះមានអ្នកម្នាងម្នាក់ ទ្រង់មានព្រះគភ៌ពុំទាន់គ្រប់ខែ ភៀសខ្លួនទៅរស់នៅជាមួយតាគហេ និងយាយលាក់ រួចបានប្រសូតព្រះរាជបុត្រាមួយព្រះអង្គមានលាយលក្ខណ៍កងចក្រនៅបាតព្រះហស្ថ និងបាតព្រះបាទ ហើយក៏ថ្វាយព្រះនាមថា បក្សីចាំក្រុង។
ចំណេរក្រោយមកទៀត ព្រះបាទព្រហ្មកិល (ពញាក្រែក) ក្នុងរជ្ជកាលទី១៨ ទ្រង់សោយរាជ្យឡើងបានជ្រាបទំនាយតាហោរាថ្វាយថា មានអ្នកបុណ្យកើតក្នុងត្រកូលក្សត្រមានព្រះជន្ម៧ព្រះវស្សា ហើយភៀសខ្លួនជារាស្ត្រនៅក្នុងអាណាចក្រយើងនេះ។ អ្នកមានបុណ្យនោះមានកងចក្រនៅលើបាតដៃ និងនៅលើបាតជើង។ បន្ទាប់មកទ្រង់ក៏យកក្មេងៗ ដែលមានអាយុ៧ឆ្នាំ ក្នុងព្រះនគរមកផ្តិតបាតដៃលើម្សៅក្នុងចង្អេរដើម្បីពិនិត្យរកកងចក្រ។
តាគហេ ភ័យខ្លាំងពេកក៏ពចៅចេញពីម្តាយរត់គេចទៅឲ្យឆ្ងាយ។ ក្រោយក៏ដឹងដល់ព្រះរាជាទ្រង់ជ្រាបច្បាស់ហើយ ក៏ចាត់ឲ្យតាមចាប់តាគហេ និងបក្សីចាំក្រុង។ ហេតុតែបុណ្យបារមីរបស់បក្សីចាំក្រុង កងទ័ពទាំងនោះពុំអាចដេញតាមទាន់ឡើយ។ លុះរត់ចូលទៅក្នុងព្រៃ ក៏ប្រទះនឹងព្រែកមួយ តាគហេ បានឃើញក្មេងប្រុសម្នាក់ឈ្មោះ ជីក្រែង កំពុងជិះទូកស្ទូចត្រី។ តាគហេ ក៏សុំឲ្យគេជួយចម្លងពួកគាត់ទៅត្រើយម្ខាង បានជាទីនោះជាប់ឈ្មោះថា ភូមិជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រភពពីសៀវភៅរឿងព្រេងនិទានខ្មែរទាក់ទងនឹង ២៤ ខេត្តក្រុង។

Comments