ប្រវត្តិរឿង ស្ពានមុនីវង្ស

សាវតាជ្រោយអាអោក សព្វថ្ងៃជាស្ពានមុនីវង្ស

សាវតាជ្រោយអាអោក សព្វថ្ងៃម្តុំស្ពានមុនីវង្ស
មានសេចក្តីដំណាលតៗ គ្នា​មកថា ម្តុំស្ពានមុនីវង្ស ពីដើមជា​ជ្រោយ ​របស់​តា​ឱក​ ដែល​បាន មក​តាំងដី​ភូមិ​ នៅ​កន្លែង​នោះ​មុនគេ។ បើវិភាគតាម​ឈ្មោះ ដូចជាមិនសមហេតុផល​ទេ​ ព្រោះ​ខ្មែរ​យើង​​មិន​ដែល​ហៅ​មនុស្សចាស់ថា អា​​ ទេ ព្រោះ​ខ្លា​ចបាប។ ប៉ុន្តែ នៅ​ក្នុង​ពង្សាវតារ​ខ្មែរ​ មាន​ចែងថា នៅ​រវាង គស១៥៩៩ គឺ​ក្នុងរជ្ជកាល​ព្រះ​បរម​រាជា​ មាន​បុរស​ម្នាក់​ឈ្មោះ​កែវ ជា​មនុស្ស​ខ្លាំងពូកែ ​មានទីលំនៅ នោះខាងត្បូង​វត្ដ​ខ្ពប​តា​យ៉ង​ ក្រុងភ្នំពេញ នាសម័យ​នោះ​ គឺ​ ត្រង់​វត្ដ​បទុម​វ​តី​ ​សព្វថ្ងៃនេះ។ បុរស​នេះ​ចេះ​ថ្នាំ​ពូកែ​ស័ក្ដិសិទ្ធិ​ណាស់ ​តែងដើរ​មើល​ជម្ងឺ​អ្នកស្រុក​ ដោយវិធី​ផ្លុំ​ស្ដោះ​។ ពេល​គាត់​ផ្លុំ​ស្ដោះ​ជម្ងឺ​ គេ​ឃើញមាន​អណ្ដាតភ្លើង​ចេញ​តាម​មាត់​របស់គាត់ ទើប​គេ​សន្មត​ហៅ​គាត់​ថា កែវ​ព្រះ​ភ្លើង។ កែវ​ព្រះ​ភ្លើង​បាន​លើកខ្លួន ​អោយរាស្ដ្រ​ហៅថា ស្ដេច​កែវ​ព្រះ​ភ្លើង បើ​នឹង​ធ្វើការ​អ្វី​ត្រូវឱ្យ​ទាន់ចិត្ដ​ ព្រោះ​គាត់​មាន​ចិ​ត្ដ​ក្ដៅ​ដូច​ភ្លើង​ ហើយ​ធ្លាប់តាំង​កងទ័ព​លើក​ទៅ​វាយយក​ខេត្ដ​សំរោង​ទង​ និង​ខេត្ដ​បាទី បច្ចុប្បន្ន​ស្រុក​បាទី ខេត្ដ​តាកែវ។ ព្រះ​បរម​រាជា​បានជ្រាប​ដូច្នោះ​ហើយ ក៏លើកទ័ព​ទៅ​បង្ក្រាប​ កំចាត់ស្ដេច​កែវ​ព្រះ​ភ្លើង តែ​ត្រូវទទួលត្រូវ​បរាជ័យ។ ព្រះអង្គក៏​លើកទ័ព​ត្រឡប់មកវិញ ​បញ្ឈប់​ទ័ព​​​ នៅ​ភូមិ​តា​ឯក​ ក្នុង​ខេត្ដស្រី​ស​ឈរ បច្ចុប្បន្ន​ហៅថា ស្រី​សន្ធរ​ក្នុងខេត្ដ​កំពង់ចាម ដើម្បី​សម្រាក​ព្រះកាយពល​។ ពេលនោះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​ ចូលមកថ្វាយ​បង្គំព្រះអង្គ។ ក្នុងចំណោម​រាស្ដ្រ​ទាំងនោះ​ មាននាម៉ឺន​ម្នាក់ ​ឈ្មោះ​ពញា​ថី​ បាន​នាំ​ប្រពន្ធ​របស់ខ្លួន ​ឈ្មោះ​នាង​ទាវ​ ដែលមានរូបសម្ផស្សស្រស់ស្អាត ចូលទៅ​ថ្វាយបង្គំ​ព្រះអង្គដែរ។ គ្រាន់តែ​ទតយល់​នាង​ទាវ​ភ្លាម​ ព្រះអង្គក៏ចាប់ចិត្តប្រតិពទ្ធ័ ហើយចាត់អោយមានការដង្ហែ​នាំ​នាង​ទាវ​ ទៅរាជវាំង​មុន ​ព្រោះនាង​ទាវ​នេះ​មានជាប់ខ្សែ ស្រឡាយជា​ ព្រះ​ញាតិវង្សផង។ ឯ​ពញា​ថី​ក៏​ចេញទៅតាម​ពីក្រោយដែរ។ លុះ​ព្រះ​បរម​រាជា ចៅពញា​អន យាង​មកដល់​រាជវាំងវិញ ព្រះអង្គក៏​លើក​នាង​ទាវ​ ធ្វើជា​ព្រះ​ស្នំ​ឯក​ ហើយកំណត់អោយ នាងទាវស្នាក់​នៅ តែ​ក្នុង​បរិវេណរាជវាំង។ ឯពញា​ថី​វិញ នៅតែ​ខាងក្រៅ​វាំង ច្រាស់ច្រាល ​រក​មធ្យោបាយ ​យក​ប្រពន្ធរបស់ខ្លួន​ ចេញពី​រាជវាំង​មកវិញ ទើប​ចូលជួប​ស្ដេច​កែវ​ព្រះ​ភ្លើង ថ្វាយសុំជំនួយ។ ​កែវ​ព្រះ​ភ្លើង ក៏​ប្រគល់មនុស្ស១៥នាក់ ​អោយទៅជួយពញា​ថី​។ លុះ​ពាក់កណ្ដាល​ ​អាធ្រា​ត្រមួយ​ ពញាថីនាំមនុ​ស្សទាំង១៥នាក់​កលបចូល​ទៅក្នុង​វាំង​ ហើយបានធ្វើ​គតព្រះ​ចៅពញា​អន​ នាំ​នាងទាវ ​រត់​ចេញទៅ។ មន្ដ្រី​ក្នុង​វាំងក៏​ផ្អើល​ជ្រួលច្របល់ ឆោឡោ​វឹកវរ​ នាំគ្នា​ដេញ​លាន់ ច្រឡំស្មានថា ជាទ័ពកែវ​ព្រះ​ភ្លើង។​

បន្ទាប់ពី​ស្ដេចចៅពញា​អន​ សុគតទៅ រាជ​សម្បត្ដិ​ត្រូវបាន​ទៅ​សម្ដេច ព្រះ​កែវ​ហ្វ៊ា ពញា​ញោម។ ពេលនោះ ​ប្រទេស​កម្ពុ​ជា មាន​ចម្បាំងក្នុងស្រុក​ មាន​ជម្ងឺរាតត្បាតផ្សេងៗ ហើយមានកើត​ចោរលួច​ប្លន់​ ស្ទើរ​គ្រប់​តំបន់។ ព្រះ​ទេវី​ក្ស​ត្រី​ ឈ្វេងយល់ ឃើញ​ប្រទេស​កើត​ភន្ត័ប្រែ​ដូច្នេះ​ ទើប​ចាត់​ឧកញ៉ា​ចក្រីសោម ជា​រាជទូត ឧកញ៉ា​ភិ​ម​ន្ទ​វង្សា​ទុយ១ ឧកញ៉ា​វង្សា​ធូ​បេស​ស្រី១ជា​ឧ​ប​ទូត​ និង​ អ្នករាជការ១០នាក់​ទៀត​ ឱ្យ​អញ្ជើញ​ព្រះ​សុរិយា​ពណ៌​ ពី​ក្រុង​ស្រី​អយុធ្យា ឱ្យ​យាង​ត្រឡប់មក​ប្រទេស​កំណើត​របស់​ព្រះអង្គ​វិញ។ ពេលនោះ ព្រះ​នរេន្ទ្រ​សូរ ដែលជា​ព្រះ​ចៅ​ក្រុង​អយុធ្យា(ស្យាម) ក៏​អនុញ្ញាត្តអោយ ​សុរិយាពណ៌​ យាង​ត្រឡប់​ទៅ ​ប្រទេស​កម្ពុជា​វិញ​ ដោយនាំ​មន្ដ្រី​ រាជទូត និងទ័ព​សៀមបីពាន់នាក់​ ហែ​ហមដំណើរ​តាមទូក រហូតមកដល់​ស្រុក​បាសាក់។ ឧកញ៉ា​អធិវង្សា​តន់​ ចៅហ្វាយស្រុក​បាសាក់ បាន​នាំ​​នាម៉ឺន​ ទៅ​គាល់ថ្វាយ​ស្វាគមន៍​ព្រះអង្គ​រួចហើយកេណ្ឌ​រាស្ដ្រឱ្យ​សង់ព្រះ​ពន្លា ថ្វាយ​ព្រះអង្គ​។ ក្រោយមក ​ទ្រង់សុរិយោពណ៌បានកេណ្ឌ​រាស្ដ្រ​ ធ្វើជា​កងទ័ព​ ហើយតែងតាំង ​ឧកញ៉ា​រាជសេនា​កែវ​ ឱ្យ​ឡើងងារ​ជា​ឧកញ៉ា​ក្រឡាហោម​កែវ ជា​មេទ័ព​មុខ។ មុនដំបូង​ទ្រង់​ចាប់ធ្វើការ ផ្លាស់ប្តូរ ពី​ស្រុក​ព្រះ​ត្រញំង ​ក្រមួនស​ រៀងរហូត​ដល់​ មាត់ជ្រូក​ ខេត្ដ​ទ្រាំង កម្ពុជា​ក្រោម។ មកដល់​ខេត្ដ​ទ្រាំង​ចៅហ្វាយ ស្រុក​ទ្រ​ាំង ​ក៏​ចេញ​ទ័ព​ត​ទប់ទល់ ក្រឡាហោម​កែវ​ តែ​មិនបាន​ប៉ុន្មាន ​ចៅហ្វាយស្រុក​ទ្រាំង​ ក៏ត្រូវ​គ្រាប់កាំភ្លើង​ ស្លាប់ទៅ។ លុះ​បង្ក្រាប​ខេត្ដ​ទ្រាំង​រួច ទើប​មេទ័ពកែវ លើកទ័ពចូលមក​ ខេត្ដ​បន្ទាយមាស បាទី ព្រៃកប្បាស បានជោគជ័យរហូតមក។

ឯ ស្ដេច​កែវ​ព្រះ​ភ្លើង កាលបើបានដឹងថា ឧកញ៉ា​ក្រឡាហោម​កែវ​ លើកទ័ព​មកកាន់​តែ​ជិត​ហើយ ក៏ប្រមែប្រមូល​កេណ្ឌ អោយមកជួយតទល់​ តែត្រូវស្លាប់ស្ទើរតែអស់​ ដោយសារខាងមេទ័ព​កែវ​មានកាំភ្លើង។ ដោយសារពពួកទ័ព​កែវព្រះ​ភ្លើង​រត់រប៉ាត់រប៉ាយ មិនមាន​របៀបរៀបរយ​ ទើប​កន្លែង​នេះ​ជាប់ឈ្មោះ រហូតមកថា ជ្រោយ​រអែករអោក យូរទៅក៏ហៅ​ក្លាយទៅជា​ជ្រោយ​អា​ឱក។ ឯស្ដេច​កែវ​ព្រះ​ភ្លើង បានលើកទ័ព​ដែល​នៅ​សេសសល់​ ចេញ​តទល់​នឹង​ទ័ព​ក្រឡាហោម​កែវ​ទៀត តែក៏ត្រូវក្ស័យនឹង​គ្រាប់កាំភ្លើងរបស់មេទ័ពកែវ។ ចំណែកកង​ទ័ព​ដែល​នៅសល់​ក៏​ចុះចូល​ទ័ព​ហ្លូ​ង​ទាំងអស់។

ស្រាវជ្រាវ​ដោយ ស៊ិន សុវណ្ណ​នី
លំនាំ​តាម​ឯកសារ​ភូមិសាស្ដ្រ​ខ្មែរ ឆ្នាំ១៩៦៨
សរសេរ​ដោយ លោក ឌឹ​ក គា​ម

Comments