​ប្រវត្តិ ​នៃ​របាំ​ត្រុដិ ​ សៀមរាប

ប្រវត្តិ​នៃ​របាំ​ត្រុដិ
APRIL 09, 2014 | អត្ថបទដោយ ចំរើន
ពាក្យ​ថា «ត្រុដិ» ដែល​ជា​ពាក្យ​ផ្ដើម​មក​ពី​ភាសា​សំស្ក្រឹត​ប្រែ​ថា: ផ្ដាច់ ឬ​កាត់​ផ្ដាច់ គឺ​សំដៅ​ដល់​ការ​ផ្ដាច់​ឆ្នាំ ឬ ការ​កាត់​ផ្ដាច់​ឆ្នាំ​ចាស់​ចូល​ទៅ​ឆ្នាំ​ថ្មី។ របាំ​ត្រុដិ​នេះ មាន​គេ​សម្ដែង​ជា​ច្រើន​បែប តាម​អ្នក​ភូមិ​ដែល​និយម​ថា : ជា​របាំ ដែល​ស័ក្ដិសិទ្ធិ​ក្នុង​ការ​បន់​ស្រន់ ទៅ​ទេវតា អារក្ស អ្នកតា ម្ចាស់​ស្រុក មាន​តែ​នៅ​ក្នុង​ខេត្ត​សៀមរាប​ប៉ុណ្ណោះ​ដែល​គេ​រក្សាទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ មាន​វង់​ខ្លះ​គេ​សម្ដែង​មាន​គ្នា​ច្រើន​មិន​កំណត់​ថា ជា​តួ​តំណាង​សត្វ​អ្វីៗ​ឡើយ គេ​ចេះ​តែ​ចូល​រាំ​ទៅ​ដោយ​អ្នក​ខ្លះ ចេះ​រាំ​ធ្វើ​ត្រាប់​តាម​សត្វ​នេះ ឬ​សត្វ​នោះ​មាន ក្របី ទន្សោង គោ ខ្លា ឈ្លូស ។ល។ គឺ​សត្វ​ដែល​រស់​នៅ​ក្នុង​ព្រៃ ហើយ​ព្រាន​ព្រៃ​ចេះ​តែ​រត់​ឆ្លេឆ្លា​ពេញ​តែ​វង់ ដោយ​យក​ស្នា​ទៅ​ជន្ល​សត្វ​នេះ​បន្តិច សត្វ​នោះ​បន្តិច​តាម​ចង្វាក់។ ភ្លេង​របាំ​ត្រុដិ ដែល​បាន​យក​កែ​ច្នៃ ឲ្យ​ទៅ​ជា​សិល្បៈ​មួយ​មាន​លក្ខណៈ​ប្រាកដ​នៅ​លើ​ឆាក​នេះ ដើម​កំណើត​ចេញ​មក​ពី​ឃុំ បាដាក ខេត្ត​សៀមរាប ដែល​គេ​សម្ដែង​ដើរ​ហែរ​ពី​ផ្ទះ​មួយ​តាម​ផ្លូវ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង។
Dance Troth 1

ក្នុង​ឆ្នាំ ១៩៥៩ ខែ​មេសា លោកគ្រូ ពៅ យូឡេង និង​ ហ៊ីង ទឹម ក្នុង​ក្រុម​ល្ខោន​ជាតិ​នៃ​ប្រទេស​កម្ពុជា បាន​សម្ដែង​រឿង «រិទ្ធិសែន​នាង​កង្រី» នៅ​ខេត្ត​សៀមរាប​ក៏​បាន​ទៅ​ស្រាវ​ជ្រាវ​របាំ​ត្រុដិ​នេះ ទៅ​សម្ដែង​ថ្វាយ សម្ដេច​ឪ នៅ​ប្រាសាទ​ភោជនីយ​ក្នុង​ព្រះ​បរម​រាជវាំង។
ព្រះអង្គ (សម្ដេច​ឪ) ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​របាំ​ត្រុដិ​នេះ​ឡើង​វិញ តែ​កុំ​ឲ្យ​បាត់​រូបភាព និង​ខ្លឹម​សារ​ដើម​របស់​គេ ដោយ​ធ្វើ​ឲ្យ​មាន​ក្រឡា​រាំ មាន​ក្បាច់ មាន​ច្រៀង នារី​ចូលរួម​ផង ព្រោះ​របាំ​នេះ​តួ​សុទ្ធ​តែ​បុរស ហើយ​អ្នក​សម្ដែង​ទាំង ១៨ នាក់ ច្រៀង​ទាំង​អស់​គ្នា គ្មាន​ឧបករណ៍​តន្ត្រី​ទេ។
ឯ​បទ​ចម្រៀង​វិញ ក៏​បាន​កែច្នៃ​ថែម​ថយ​កាត់​កង​បញ្ចូល​គ្នា ឲ្យ​មាន​ឃ្លា​ល្បះ មាន​វគ្គ​ដើម វគ្គ​កណ្ដាល និង​វគ្គ​បញ្ចប់ ដូច​យើង​ទាំង​អស់​គ្នា​បាន​ទស្សនា​រួច​មក​ហើយ។ សព្វ​ថ្ងៃ​នេះ របាំ​ត្រុដិ​ក្លាយ​ទៅ​ជា​របាំ​ប្រជា​ប្រិយ​ទៅ​ហើយ។
Dance Troth 2

ប្រភព​បែប​រឿង​និទាន
អ្នក​នេសាទ​ម្នាក់​ឈ្មោះ ប៊ុន ប្រពន្ធ​ឈ្មោះ ឧមា។ ភូមិ​លំនៅ​នៅ​ជិត​ស្រុក​សាវត្តី​ជា​មនុស្ស​ទាល់​ក្រ ដើរ​បរបាញ់​សត្វ និង​នេសាទ​ត្រី។ ថ្ងៃ​មួយ​ព្រាន​រៀបចំ​ប្រដាប់​ប្រដា ធ្នូ ស្នា ព្រួញ ជ័រឆក់ កាំបិត​ស្នៀត និង​វត្ថុ​អ្វីៗ ទៀត តាម​ទម្លាប់​ព្រាន។ ភរិយា​ក៏​រៀបចំ​ចាត់ចែង​ម្ហូប​ចំណី បារី ស្លា ប្រគល់​ឲ្យ​ប្ដី។ ប្ដី​ចេញ​ដំណើរ​ទៅ​ត្រាច់រង្គាត់ កាត់​ព្រៃ​រំលង​ដង​ស្ទឹង​ឆ្ងាយ​ទៅៗ ពុំ​មាន​ជួប​ប្រទះ​ម្រឹគ​ណា​សោះ ព្រាន​នេះ​នឹក​ថា ប្រហែល​ជា​អស់​លោក​ទេព្ដា​រក្សា​បំបិទ​បំបាំង បង្វែង​ដាន​មិន​ឲ្យ​ឃើញ​ហើយ ទើប​ព្រាន​រៀបចំ​ប្រដាប់ប្រដា ពលីការ សុំ​លាភ សុំ​ជ័យ​ឲ្យ​បាន​ជួប​ម្រឹគ។ បួងសួង​រួច​ព្រាន​ដើរ​ទៅ​មុខ​ក៏​ជួប​ប្រើស​មួយ​ភ្លឺ​ឆ្អិនឆ្អៅ រោម​សុទ្ធ​តែ​សរសៃ​មាស ស្នែង​ជា​កែវ​ភ្លឺ​ច្រាលរន្ទាល ព្រាន​ត្រេកអរ ហើយ​លាក់​ខ្លួនលប​បាញ់​បាន​ប្រើស​នោះ។ មក​ដល់​ផ្ទះ​ឃើញ​ប្រើស​នោះ​ល្អ ក៏​យក​ទៅ​ថ្វាយ​ស្ដេច ហើយ​ស្ដេច​ក៏​ប្រទាន​យស​ដល់​នាយ​ព្រាន​ជា​ចៅហ្វាយ​ខេត្ត ប្រពន្ធ​ជា​ជំទាវ។ រឿង​នេះ​ហើយ​បាន​ជា​បង្ក​ឲ្យ​មាន​ក្រុម​របាំ​ត្រុដិ បែប​រឿង​និទាន​នេះ រហូត​មក​ដល់​សព្វ​ថ្ងៃ។
Dance Troth 3

ប្រភព​បែប​ជំនឿ​អ្នក​ស្រុក
គេ​សម្ដែង​របាំ​នេះ ដោយ​មាន​ជំនឿ​ថា ៖ នៅ​តាម​ស្រុក​ជិត​ឆ្ងាយ​យូរ ៗ ម្ដង រមែង​មាន​សត្វ​ព្រៃ​ចូល​មក​ក្នុង​ភូមិ​អ្នក​ស្រុក ប្រសិន​បើ​មាន​សត្វ​ព្រៃ​ចូល​ក្នុង​ស្រុក​ហើយ នឹង​កើត​ឧបទ្រព​ចង្រៃ​បែប​ណា​មួយ​មិន​ខាន។ ហេតុ​នេះ​បាន​ជា​មាន​ទម្លាប់​ថា បើ​ឃើញ​សត្វ​ព្រៃ​ចូល​ស្រុក​កាល​ណា គេ​នាំ​គ្នា​ប្រោះព្រំ ប្រេង ម្សៅ ឲ្យ​សត្វ​នោះ ហើយ​សុំ​ពរ សុំ​ជ័យ​ពី​សត្វ​ទាំង​នោះ​វិញ។ ដើម្បី​រក​ឱកាស​បង្កក់​ប្រសិទ្ធិ ចំពោះ​សត្វ​ព្រៃ ឲ្យ​ហើយ​ស្រេច​ក្នុង​មួយ​ឆ្នាំៗ យ៉ាង​នេះ​ហើយ បាន​ជា​អ្នក​ស្រុក​ដែល​មាន​ជំនឿ ដូច្នេះ ក៏​បង្កើត​ល្បែង​ត្រុដិ​នេះ​ឡើង។ ហេតុ​នេះ វង់​ត្រុដិ​ត្រូវ​មាន ប្រើស ទន្សោង ក្ងោក សុទ្ធសឹង​ជា​សត្វ​ព្រៃ​មក​បង្ហាញ​ខ្លួន ឲ្យ​អ្នក​ស្រុក​អ្នក​ភូមិ​ប្រោះព្រំ ប្រេងម្សៅ ចង​ដៃ​អំបោះ​កម្រង​ឲ្យ​ទាន​ជា​លុយកាក់​ទៅ​ឲ្យ​ធ្វើ​បុណ្យ រំដោះ​គ្រោះ​ឲ្យ​ហើយ​ឲ្យ​ហើយ​ស្រេច​តែ​ម្ដង ដោយ​មាន​ជំនឿ​ថា​ប្រសិន​ជា​មាន​សត្វ​ព្រៃ​ចូល​មក​ក្នុង​ស្រុក​ទៅ​ថ្ងៃ​មុខ ក៏​គេ​បាន​ប្រកប​ពិធី​នេះ​រួច​ស្រេច​ទៅ​ហើយ​ដែរ ដូច្នេះ គេ​ជឿ​ថា គ្មាន​ចង្រៃ​ឧបទ្រព​អ្វី កើត​ឡើង​ទៀត​ទេ។ ដោយ : ហ៊ីង ទឹម

Comments