ប្រវត្តិរឿង ខេត្តកំពត

Posted on December 31, 2015 by tanvichet
១. តាមឯកសាររបស់លោក ឌឿ វ៉ាន់ បានបកស្រាយថា ក្រុងកំពត ពីដើមដុះសុទ្ធតែកូនស្មាច់ កូនផ្អាវ នៅតាមមាត់សមុទ្ទដែលជាកន្លែងសម្រាប់ឲ្យអ្នកជំនួញចតទូក និង សំពៅ ។ តក្រោយមក មានចិន យួន ចាម ទៅសង់ខ្ទមនៅជាកំប៉ូតៗ ទទឹងថ្ងៃនៅតាមបណ្ដោយមាត់ព្រែកដៃសមុទ្ទ ដើម្បីរកស៊ីលក់ដូរ ។ កន្លែងដែលចាម ចិន យួន មកសង់ខ្ទមនៅ គេសង្កេតទៅឃើញជាកំប៉េតកំប៉ូត ទើបគេសន្មតហៅថា “ភូមិកំប៉ូត” ។

ចំណេរក្រោយមក ទឹកសមុទ្ទកាន់តែថយទៅៗ ទើបមានដីខ្សាច់ដុះនាឡើង ដើមឈើក៏ដុះមកជាលំដាប់ដែរ ហើយខ្មែរ ចិន យួន ចាម ជ្វា ក៏ហ៊ានសង់ផ្ទះខ្ពស់ៗឡើង ព្រោះថាបើមានខ្យល់បក់មក បានដើមឈើគ្រាន់ការពារផ្ទះសម្បែង ។ នៅពេលដែលមានផ្ទះនៅហើយ អ្នកលក់ដូរធ្វើតៀមលក់បាយសម្រាប់ឈ្មួញអម្រែក ចិន យួន ចាម ជ្វា និងពួកឈ្មួញដែលចតទូក ឬ ឈប់ដំណើរ ដើម្បីបរិភោគបាននៅកន្លែងនោះ ។ ពេលក្រោយមក ពួកឈ្មួញជើងគោក-ទឹកឲ្យឈ្មោះផ្សារកំប៉ូត ឬ ភូមិកំប៉ូតថា “ផ្សារកំពង់បាយ” ។ នាមបញ្ញត្តិទាំងពីរនេះប្រើច្របូកច្របល់គ្នា ខ្លះហៅថា ផ្សារកំប៉ូត ខ្លះហៅថា ផ្សារកំពង់បាយ តែក្រោយមកទៀតរហូតដល់សព្វថ្ងៃនេះ គេហៅថា ខែត្រកំពត ។

២. តាមលោក ម៉ាដ្រូល (Madrolle) ថា ទីប្រជុំជននៅតាមឆ្នេរសមុទ្ទមានដុះសុទ្ធតែដើមផ្អាវ ។ ទីប្រជុំជននេះមានសង្កាត់ជាច្រើន តែកន្លែងដែលឈ្មោះថា កំពត សព្វថ្ងៃនេះហៅថា កំពង់បាយ ។

លោកម៉ាដ្រូល និង លោក ឌឿ វ៉ាន់ ថាកំពង់បាយដូចគ្នា តែត្រង់លោកឌឿ វ៉ាន់ ថា ផ្សារកំប៉ូត ឃើញថាប្លែកគ្នាតែមានឃ្លាមួយលោកម៉ាដ្រូលថា កំពតប្រហែលមកពី កម្ពុជា (Dautres voient dans Kampot l’origine, le dérivé du nom Kampuchea) ។​ លោកឌ.គាម បង្ហាញថា តាមអក្ខរាវិរុទ្ធថា កម្ពុជាគេអាចសរសេរទៅជា កម្ពុជរដ្ឋ បើគេកាត់រដ្ឋចេញទៅ នៅសល់តែ កម្ពុជ ។ នៅពេលដែលក្រុងកំពតកំពុងតែកកើត គាត់សន្និដ្ឋានថា មានឈ្មួញជាតិសៀមតាមសមុទ្ទមកឈប់អាស្រ័យបាយត្រង់កន្លែងនោះ ។ ភាសាសៀម ពាក្យថា កម្ពុជ អានថា កម្ពុត ដល់យូរៗទៅដោយសេចក្ដីធ្វេសប្រហែស បាត់ស្រៈ ុ នៅសល់តែ កម្ពត ឬ កំពត ។

សរុបសេចក្ដីមក ឃើញថា លោកឌឿ វ៉ាន់ និយាយថា ផ្សារកំប៉ូត ក្លាយជា កំពត ។ ឯលោកម៉ាដ្រូលថាមកពី កម្ពុជា ក្លាយទៅជា កំពត ៕

Comments