រឿងព្រេង ​ទាក់ទង​នឹង ​ប្រវត្តិ​របស់​រាហូ

ព្រេង​ទាក់ទង​នឹង​ប្រវត្តិ​របស់​រាហូ
១- រូប​រាហូ គេ​តែង​គូរ​នៅ​ហោជាង​ប្រាសាទ ឬ​បើ​នៅ​ទី​វត្ត គេ​គូរ​នៅ​ហោជាង​ព្រះ​វិហារ ប្រយោជន៍​ដោយ​ដឹង​ថា "ជា​អ្នក​មាន​ឫទ្ធិ" ។
២- នៅ​ខ្លោង​ទ្វារ​ប្រាសាទ ឬ​វត្ត​អារាម ក៏​គេ​មាន​គូរ​ដែរ ។
៣- រូប​រាហូ គេ​ច្រើន​គូរ​តែ​ត្រឹម​ក្លៀក​ឡើង​លើ ឲ្យ​ឃើញ​ច្បាស់​តែ​ដៃ ក និង​ក្បាល ធ្វើ​មុខ​ឲ្យ​ទូលាយ​ធំ មាំ បញ្ចេញ​ធ្មេញ​ស្ញាញ ថែម​ទាំង​លាប​ពណ៌​ខៀវ ដើម្បី​ឲ្យ​សម្បើម​ដល់​អ្នក​មើល​គ្រប់​ៗ គ្នា ។
៤- គេ​គូរ​រូប​រាហូ នៅ​ក្នុង​ផ្ទះ ឬ ព្រះ​រាជ​វាំង ប្រយោជន៍​ឲ្យ​ដឹង​ថា​ជា "អ្នក​ខ្លាំង​ពូកែ, អ្នក​ធំ" ។
៥- បើ​គេ​មិន​ហៅ​ថា "រាហូ" គេ​ហៅ​ត្រឹម​តែ "រាហុ៍" ដូច​ពាក្យ​ថា "រាហុ៍​ចាប់​ចន្ទ" ដូច្នេះ​ក៏​បាន, ជួន​កាល គេ​ហៅ​ថា "អសុរិន្ទ”, តែ​ពាក្យ​ខ្មែរ ច្រើន​ហៅថា "រាហូ អសុរិន្ទ" ជាប់​គ្នា ។
៦- បាន​ជា​គេ​ធ្វើ​រូប​រាហូ​តែ​មួយ​កំណាត់​នោះ ព្រោះ​មាន​ប្រវត្តិ​ដូច្នេះ
ប្រវត្តិ​របស់​រាហូ[edit]
រាហូ​អសុរិន្ទ ជា​សេនាបតី​មួយ​របស់​ព្រះ​បាទ​វេបចិត្តិ ដែល​សោយរាជ្យ​សម្បត្តិ​នៅ​ក្នុង​នគរ​ចិត្រាសូរ ក្រោម​បាទ​ភ្នំ​ព្រះ​សុមេរុ ។ តំណាល​ថា រាហូ​នេះ​ធំ​ក្រៃ​លែង​ធំ​លើស​ពួក​អសុរ​ទាំង​ឡាយ​នៅ​ក្នុង​ទីនោះ គ្រាន់​តែ​កម្ពស់ ៤.៥០០ យោជន៍ ទទឹង​ខ្លួន​ពី​ស្មា​ម្ខាង​ទៅ​ស្មា​ម្ខាង ១.៦០០ យោជន៍ ចន្លោះ​ដើម​ដៃ​ប្រវែង ១.២០០ យោជន៍ ថ្នាំង​ម្រាម​ដៃ​ម្រាម​ជើង​មួយ​ៗ ៥០ យោជន៍ រង្វះ​មាត់ ២០០ យោជន៍ បាត​ដៃ​បាត​ជើង​ទំហំ ៣០០ យោជន៍ ជម្រៅ​មាត់ ៣០០ យោជន៍ រន្ធ​ច្រមុះ ២០០ យោជន៍ ក​ប្រវែង ៣០០ យោជន៍ ថ្ងាស​ប្រវែង ៣០០ យោជន៍ ភ្នែក ៥០ យោជន៍ ក្បាល​ទំហំ ៩០០ យោជន៍ ទំហំ​ធ្មេញ​មួយ​ៗ ៥០ យោជន៍ រោម​អវយវៈ​ទាំង​មូល ៥០ ក្រចក​ដៃ​ក្រចក​ជើង​មួយ​ៗ ប្រវែង ៥០ យោជន៍ ។

ឯ​ប្រពន្ធ​របស់​គាត់ មាន​ចំនួន​មួយ​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​ស្ត្រី​ប្រកប​ដោយ​រូប​ឆោម​ល្អ​ឆើត​ឆាយ មាន​រូប​រាង​ទំហំ និង​កម្ពស់​ប្រហែល​នឹង​គាត់​ដែរ ។ ថ្ងៃ​មួយ រាហូ​អសុរិន្ទ ហៅ​ពពួក​ស្រី​ស្នំ មក​ជួប​ជុំ ហើយ​តាំង​ក្អេង​ក្អាង​អួត​ឫទ្ធានុភាព​ខ្លាំង​ពូកែ​របស់​ខ្លួន​ប្រាប់​ពួក​ស្រី​ស្នំ សម​គាត់​ជា​អ្នក​អួត​ស៊ី​ជោរ​ផង) រួច​សួរ​ទៅ​ពួក​ស្រី​ស្នំ​ថា "ក្នុង​លោក​ទាំង​មូល មើល​ទៅ តើ​មាន​អ្នក​ណា​ធំ​ស្មើ​អញ ដែរ​ឬ​ទេ ? មាន​មុខ​មាត់​សម្បើម​ដូច​អញ​ទេ ?” ។ គាត់​សួរ​ពី​ស្រី​ទី ១ ទៅ​ដល់​ស្រី​ទី​បំផុត ទាំង​មួយ​ម៉ឺន​នាក់" ។ ស្រី​ពៅ​គេ​បង្អស់​ឆ្លើយ​តប​ថា "លោក​ម្ចាស់ ធំ​ប៉ុណ្ណឹង មិន​មែន​អស្ចារ្យ​ស្មើ​នឹង​ព្រះ​សមណ​គោតម​ទេ, ឯ​ព្រះ​សមណ​គោតម ដែល​ខ្ញុំ​ធ្លាប់​ប្រទះ ធ្លាប់​ឃើញ​ច្រើន​ដង​នោះ ធំ​អស្ចារ្យ​ផុត​គេ​ក្នុង​លោក, សមណ​គោតម ធំ​ក្រៃ​លែង​ធំ ខ្ពស់​ក្រៃ​លែង​ខ្ពស់ ល្អ​ក្រៃ​លែង​ល្អ មាន​ឫទ្ធានុភាព​លើស​គេ ក្នុង​លោក​នឹង​រក​ប្រុស​ឯ​ណា​មក​ប្រៀប​ឲ្យ​ស្មើ​គ្មាន​ឡើយ" ។

រាហូ ឮ​ស្រី​ស្នំ​អួត​សរសើរ​អំពី​គុណ​សម្បត្តិ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ដូច្នោះ គាត់​ជា​មនុស្ស​អំនួត​ស្រាប់​ផង ក៏​លាន់​មាត់​ថា "យី​អើ ! សមណ​គោតម​នោះ កុំ​ថា​ឡើយ​ដល់​ទៅ​រូប​ធំ សូម្បី​តែ​កុដិ​ឬ​ខ្លោង​ទ្វារ​វិហារ​របស់​គាត់​នៅ ក៏​អញ​ចូល​ទៅ​មិន​ទាំង​ចុះ​ខ្លួន​ផង ម៉េច​ក៏​ឯង​ថា​អញ​ធំ​ខ្ពស់​មិន​ស្មើ​នឹង​ព្រះ​សមណ​គោតម ? បើ​ដូច្នោះ អញ​ទៅ​វាស់​កម្ពស់​គាត់​មើល, តើ​ធំ​ប៉ុន្មាន​ទៅ !” ។

ឯ​ព្រះ​សម្មា​សម្ពុទ្ធ ទ្រង់​ឈ្វេង​យល់​ដោយ​ញាណ​ព្រះ​អង្គ​ថា "ពេល​នេះ រាហូ​អសុរិន្ទ​តាំង​ខ្លួន​ឯង​ជា​ធំ​លើស​ព្រះ​អង្គ មាន​បំណង​ចូល​មក​ផ្ទឹម​វាស់​នឹង​ព្រះ​អង្គ ទ្រង់​ក៏​ពង្រីក​ខ្លោង​ទ្វារ​វិហារ​វត្ត​ជេតពន ឲ្យ​ធំ​ហួស​វិស័យ​របស់​រាហូ ប្រៀប​ដូច​មនុស្ស​យើង​ចូល​ក្នុង​វិហារ​ធម្មតា ។ លុះ​រាហូ​ចូល​ទៅ លប​មើល​ព្រះ​អង្គ​កំពុង​សិង គាត់​ងើប​មើល​ព្រះ​សម្ពុទ្ធ​បី​ដូច​ជា​ងើប​មើល​អាកាស ។ ប៉ុណ្ណឹង​ហើយ រាហូ​នៅ​តែ​ប្រកាន់​អស្មិ​មានះ​ថា ព្រះ​អង្គ​នៅ​តែ​មិន​ធំ​ជាង​គាត់​ទេ ។ ថ្ងៃ​មួយ ព្រះ​អង្គ​ស្ដេច​យាង​ទៅ​បិណ្ឌ​បាត គាត់​ក៏​លប​ចូល​ទៅ​ឈរ​ពី​ខាង​ក្រោយ​ព្រះ​អង្គ ចម្ងាយ ៥០ យោជន៍ ផ្ទឹម​មើល នៅ​តែ​មិន​ខ្ពស់​ស្មើ​នឹង​ព្រះ​អង្គ​ទៀត ឃើញ​ទាប​ជាង​ឆ្ងាយ​ពេក ក៏​យក​ឫស្សី​មួយ​ដើម​យ៉ាង​វែង ប្រវែង ៥០ យោជន៍ ទៅ​វាស់​ពី​ខាង​ក្រោយ នៅ​តែ​មិន​ស្មើ​ទៀត, គាត់​ព្យាយាម​ត​ឫស្សី​តាំង​ពី ១ ដើម ដល់​មួយ​ពាន់​ដើម អស់​ពេល​មួយ​ព្រឹក ហត់​បែក​ញើស​ហូរ​ជា​ទឹក ក៏​នៅ​តែ​មិន​ស្មើ​នឹង​កម្ពស់​ព្រះ​អង្គ ។

សម័យ​ថ្ងៃ​មួយ គាត់​ចង់​ឃើញ​ព្រះ​អង្គ​ចំ​ព្រះ​ភក្ត្រ​ឲ្យ​បាន​ជិត ដើម្បី​ធៀប​មើល​កម្ពស់​ឲ្យ​អស់​ចិត្ត ក៏​និម្មិត​ខ្លួន​ជា​ឈ្លើង​ព្រ័ត្រ​នៅ​ក្នុង​ទឹក​ស្រះ ចាំ​លប​មើល​ព្រះ​អង្គ​ឲ្យ​ច្បាស់ ស្រាប់​តែ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ហៅថា "នែ​រាហូ ! អ្នក​មក​នៅ​ក្នុង​ទឹក​ស្រះ​ធ្វើ​ជា​ឈ្លើង​ចាំ​មើល​តថាគត​ធ្វើ​អ្វី ? ឡើង​មក ! តថាគត​ប្រាប់​អ្នក​ឲ្យ​ដឹង ! តថាគត​ធំ​អ្វី​ប៉ុណ្ណេះ ពួក​ព្រហ្ម​នៅ​ឯ​ឋាន​ព្រហ្ម​ធំ​ជាង​តថាគត​ទៅ​ទៀត ។ រាហូ​នឹក​ក្នុង​ចិត្ត​ថា "សមណ​គោតម​នេះ ធំ​ជាង​អញ​ទៅ​ហើយ ឥឡូវ នៅ​មាន​ព្រហ្ម​ឯ​ណា​ធំ​ដែរ" ក៏​នឹក​អៀន​ខ្មាស​ស្រី​ស្នំ​របស់​ខ្លួន លែង​វិល​ទៅ​ទី​កន្លែង​វិញ ទើប​សូម​តាម​ព្រះ​អង្គ​ទៅ​មើល​ព្រហ្ម​ទៀត ។ ព្រះ​សម្ពុទ្ធ ក៏​ឲ្យ​រាហូ​តោង​ជាយ​ចីពរ​ហោះ​ទៅ​បិណ្ឌ​បាត​ឯ​ឋាន​ព្រហ្ម ។ ព្រហ្ម លុះ​ឃើញ​រាហូ​តោង​នៅ​នឹង​ជាយ​ចីពរ​ដូច្នោះ ក៏​ទូល​ព្រះ​អង្គ​ថា "ចៃ​នៅ​នឹង​ជាយ​ចីពរ​ព្រះ​អង្គ" ។ រាហូ​រឹង​រឹត​តែ​ខ្មាស​ព្រហ្ម​ទៅ​ទៀត ដោយ​គំនិត​ថា "អញ​ធំ​សម្បើម​ដែរ, ឥឡូវ​ព្រហ្ម​ថា ឯង​តូច​ដូច​ចៃ !” ទ្រាំ​នៅ​ពុំ​បាន ក៏​លា​ព្រះ​អង្គ ចុះ​មក​ទី​កន្លែង​របស់​ខ្លួន​វិញ ។ ព្រះ​អង្គ​បាន​ផ្ដាំ​រាហូ​ថា "អ្នក​ចុះ​ទៅ​វិញ កុំ​ឈប់​នៅ​ពាក់​កណ្ដាល​ផ្លូវ, បើ​ស្រេក​ទឹក កុំ​ឈប់​ផឹក​ទឹក​ឡើយ" ។ រាហូ​មក​ពាក់​កណ្ដាល​ផ្លូវ ឃើញ​ស្រះ​មាន​ទឹក​ថ្លា មាន​ផ្កា​ឈូក​ក្រអូប​ល្វេង​ល្វើយ ភ្លេច​ពាក្យ​បណ្ដាំ​របស់​ព្រះ​ពុទ្ធ​អង្គ ក៏​ចុះ​ទៅ​ត្រាំ​ក្នុង​ទឹក​នោះ​ត្រឹម​ក្លៀក ស្រាប់​តែ​ដាច់​មួយ​កំណាត់​ខ្លួន ធ្លាក់​បាត់​ទៅ ។

Comments