ប្រវត្តិដើមកំណើតខេត្តសៀមរាប​

​ប្រវត្តិ​នៃ​ខេត្តសៀមរាប​នេះ​ទេ ដោយហេតុថា កង្វះ​ឯកសារ​និយាយ​ដល់​។ ជាការ​ពិតណាស់ ឈ្មោះ​ភូមិ ស្រុក ខេត្ត​នៃ​មាតុភូមិ​ខ្មែរ មិន​ថា​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន ឬ​នៅក្នុង​អតីត​ទឹកដី​ខ្មែរ ដែល​សព្វថ្ងៃ​ស្ថិតក្នុង​បង្គោល​ខណ្ឌសីមា​នៃ​ប្រទេសជិតខាង​មួយចំនួន សុទ្ធសឹងតែ​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​កន្លងផុត​ទៅហើយ​។​
​ ​គឺជា​បរិបទ​នេះហើយ បានជា​ក្រោយពី​ទ័ព​ខ្មែរ​របស់​ព្រះបាទ​ពញ្ញា​អង្គ​ច័​ន្ធ ឬ​ព្រះ​បរម​រាជា​ធិ​រាជ​បានទទួល​ជ័យជំនះ​លើ​កងទ័ព​សៀម​ឈ្លានពាន​ជា​ស្ថាពរ នៅ​ព្រះរាជ​នគរ គឺ​អង្គរធំ ពោលគឺ បាន​វាយកំទេច​ទ័ព​សៀម​រាបស្មើ​និង​ដី បានជា​ខ្មែរ​ដាក់ឈ្មោះថា ខេត្តសៀមរាប​។ ស្ថានការណ៍​បែបនេះ ធ្វើ​ឲ្យ​យើង​យល់បាន​ថា ជាដើម​កំណើត​នៃ​ការតាំង​ឈ្មោះ​ខេត្តសៀមរាប តាំងពី​រជ្ជកាល​របស់​ព្រះអង្គ​ច័ន្ទ​ទល់​និង​សព្វថ្ងៃ ទោះបីជា ព្រះរាជ​ពង្សាវតារ​ខ្មែរ ច្បាប់​ឧក​ញ្ញា​ព្រះ​ឃ្លាំង (​នង​) មិនបាន​និយាយ​ដោយ​ចំហ​ក៏ដោយ​។​


​បើសិនជា​យើង​បើក​ច្បាប់​ព្រះរាជ​ពង្សាវតារ​ខាងលើ​មក​មើល យើង​ពិតជា​ស្លុតចិត្ត កងទ័ព​សៀម​ឈ្លានពាន បាន​រុករាន​ប្រទេស​កម្ពុជា​មិន​ឈប់ឈរ​ជាច្រើនលើក​ច្រើនគ្រា​។ ពួកគេ ក្រោយពី​ដណ្តើមបាន​អាណាខេត្ត​ខ្មែរ​មួយចំនួន ដែល​សព្វថ្ងៃ​បានក្លាយ​ទៅជា​ទឹកដី​ថៃ​រួចទៅហើយ​នោះ ក៏បាន​នាំ​សង្គ្រាម​ចូលទៅ​យ៉ាងជ្រៅ​ទៅ ចំ​កណ្តាល​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែម្តង គឺ​ទីក្រុង​មហានគរ​ដែល​សព្វថ្ងៃ​ស្ថិតក្នុង​ខេត្តសៀមរាប តែ​ពីមុន​ហៅថា ស្រុក​នគរវត្ត ដែល​ធ្លាប់ជា​សមរភូមិ​ក្តៅ​ពីមុនមក​។ ក៏ប៉ុន្តែ​លើក​នេះ ពួកគេ​ត្រូវ​បង្ខំចិត្ត​រត់​ត្រឡប់​ទៅ​ក្រុង​អយុធ្យា​វិញ ក្រោយពី​ត្រូវ​ចាញ់​សង្គ្រាម​នៅ​ចុល្លសករាជ ៩០២ ត្រូវ​និង​ឆ្នាំ ១៥៤១​នៃ​គ​.​ស​។​

​ ​កាលបើ​ពិនិត្យ​ទំ័​រ​ប្រវត្តិសាស្ត្រ​ចាស់ ដែល​បាន​កើតឡើង​នៅលើ​ទឹកដី​បវរ ដែលជា​ទីតាំង​នៃ​ព្រះរាជ​នគរ យើង​ដឹងថា ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ និង​ដើម​រាជ្យ​របស់​ព្រះបាទ​ស្រី​ឥន្ទ្រ​វរ្ម័ន រវាង​ឆ្នាំ ១២៩៦ សៀម​បាន​បើក​ការវាយលុក​មួយ​ដ៏​ធំ​សម្បើម នៅ​ខេត្តសៀមរាប ក្នុង​បំណង​យក​ប្រទេស​កម្ពុជា​ធ្វើជា​ស្រុក ឬ​នគរ​ចំណុះ​របស់ខ្លួន​។ ហើយ​ម​ហិ​ច្ឆិ​តា​នេះ ពួកគេ​បានសម្រេច​ជា​ស្ថាពរ ព្រោះថា​អាណាខេត្ត​មួយចំនួន ដែល​ស្ថិតក្នុង​ភូមិភាគ​កណ្តាល ដូចជា​ខេត្ត​សុខោទ័យ កំផែង​ផេ​ត (​កំពែង​ពេជ្រ​) និង​ខេត្ត​រណប​នៃ​ខេត្ត​ទាំងនោះ ព្រមទាំង​អាណាខេត្ត​ដទៃៗ​ឯទៀត ដែល​ស្ថិតនៅ​ជ្រលង​នៃ​ដង​ទន្លេ​មេ​ណា​ម ដូចជា​ខេត្ត​អយុធ្យា សុផាន់​បុរី​។ បន្ទាប់ពី​បានទទួល​ជោគជ័យ​លើ​ខេត្ត​ទាំងឡាយ​នោះ ពួកគេ​ក៏បាន​ពង្រឹង​បណ្តាញ​អំណាច​របស់ខ្លួន​។​
​ ​សង្គ្រាម​ឈ្លានពាន​មួយ ដែល​គេ​ត្រូវ​កត់សម្គាល់ ដែល​បានកើត​ឡើងជា​លើកដំបូង​បង្អស់ នៅលើ​ទឹកដី​ខ្មែរ​ត្រូវបាន​ធ្វើឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ​លំ​ពង្ស​រាជា នៅ​ឆ្នាំ ១៣៥២​។ ចំពោះ​ចម្បាំង​នេះ ច្បាប់​ពង្សាវតារ​បានបញ្ជាក់​ថា គឺ​ភាគី​ឈ្លានពាន​ថៃ​បានទទួល​ជ័យជំនះ​លើ​ទ័ព​ខ្មែរ ដោយ​ពួកគេ​បាន​កាន់​បាប់​ទីក្រុង​អង្គរធំ នៅ​ឆ្នាំ ១៤៣១​។ មុននឹង​ដកថយ​ចេញ ពួកគេ​បាន​កេណ្ឌ​ឈ្លើយសឹក​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់ នាំទៅ​កាន់​ប្រទេស​សៀម​។ ក្នុងឱកាស​នោះដែរ ពួកគេ​ក៏បាន​លួច ប្លន់ ទ្រព្យសម្បត្តិ​របស់​ជាតិខ្មែរ​គ្រប់​ប្រភេទ នៅ​ឆ្នាំ ១៤៣១ គឺជា​ឆ្នាំ​ដែល​កំណត់​នូវ​អោនភាព​ខ្មែរ ដែល​ប្រឈម​និង​ការ​វាតទី​និយម​របស់​សៀម ដែល​គ្មាន​ទីបញ្ចប់​។​
​ ​ជាការ​ពិត ភ្លើងសង្គ្រាម​ឈ្លានពាន​បាន​កន្លងផុត​ជាច្រើន​សតវត្សរ៍​មកហើយ​ក្តី ក៏ប៉ុន្តែ​បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​ក្នុង​ផ្នត់គំនិត​ខ្មែរ​។ បើតាម​ច្បាប់​ព្រះរាជ​ពង្សាវតារ​ខ្មែរ គឺ​ក្នុង​រាជ្យ​របស់​ព្រះបាទ​អង្គ​ច័ន្ទ​រាជា (១៥១៦-១៥៥៥​នៃ​គ​.​ស​) ដែល​កងទ័ព​សៀម​មក​ឈ្លានពាន​ខ្មែរ ត្រូវបាន​បង្ក្រាប​រាបស្មើ​ទល់​និង​ដី នៅត្រង់​ស្ទឹង​អង្គរ នៅ​ឆ្នាំ ១៥៤១ ដោយហេតុ​នេះហើយ បានជា​ព្រះអង្គ​ត្រាស់បង្គាប់​ឲ្យ​គេ​ហៅ​តំបន់​នេះ​ជា តំបន់​សៀមរាប ដើម្បី​ទុកជា​ការចងចាំ​រួម​របស់​ជាតិខ្មែរ អំពី​ជ័យជំនះ​ដ៏​ត្រចះត្រចង់​នេះ មុន​ទីតាំង​នេះ​បានក្លាយ​ទៅជា​ស្រុក ហើយ​បន្ទាប់មកទៀត​ជា​ខេត្ត​នា​សម័យ​អាណាព្យាបាល​បារាំង​។ ព្រឹត្តិការណ៍​មួយ​គួរ​ឲ្យ​កត់សម្គាល់ គឺ​ស្តេច​អង្គ​នេះ​បាន​ឆ្លាក់​បង្ហើយ​នូវ​ចម្លាក់​មួយចំនួន ដែល​ព្រះបាទ​សុរិយា​វរ្ម័នទី​២ មិនទាន់​ឆ្លាក់​រួច​។​
​ ​ទោះបីជា​បានទទួល​បរាជ័យ​ដ៏​អាម៉ាស់មុខ​នេះ​ក្តី ទ័ព​សៀម​ក៏​នៅតែ​ទន្ទ្រាន​មាតុភូមិ​ខ្មែរ​មិន​ស្រាកស្រាន្ត​ឡើយ ហើយ​ទង្វើ​នេះ​ត្រូវបាន​បន្ត​រហូតដល់​ស​ម័​យ​លង្វែក​។ នៅ​ឆ្នាំ ១៥៩៤ ទីក្រុង​លង្វែក​ត្រូវ​ដណ្តើមបាន​ពី​ខ្មែរ​ដោយ​ស្តេច​សៀម ព្រះបាទ​នរិន្ទ​សួន​។ ចំពោះ​បរាជ័យ​នៃ​កងទ័ព​សៀម ដែល​ដឹកនាំ​ដោយ​ស្តេច​សៀម ដែល​បាន​យក​លែស​ថា ដោយសារ​ព្រះបាទ​អង្គ​ច័ន្ទ​រាជា​មិនបាន​ប្រគល់​ដី​រី​ស​មួយ​ក្បាល បានជា​មក​វាយលុក​ទីក្រុង​អង្គរធំ​។​
​ ​ជា​អវសាន សូម​រំឭក​ផងដែរ​ថា បើតាម​ប្រសាសន៍​របស់លោក​ហ្គ្រោ​រី​យេ ព្រះបាទ​អង្គ​ច័ន្ទ​រាជា គឺជា​ព្រះមហាក្សត្រ​ខ្មែរ ដ៏​ខ្លាំងពូកែ​ជាងគេ​បំផុត​នា​សម័យ​ក្រោយ​អង្គរ ដោយហេតុថា ស្តេច​អង្គ​នេះ​មិន​គ្រាន់តែ​បាន​ខិតខំ​ស្តារ​ប្រទេសជាតិ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ទ្រង់​ថែមទាំង​មាន​ម​ហិ​ច្ឆិ​តា​វាយ​ដណ្តើមយក​ខេត្ត​ខ្មែរ​មួយចំនួន​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន ដូចជា​ខេត្ត​នគររាជ​សីមា ខេត្ត​បុរីរម្យ សុ​រិ​ន្ទ្រ ស៊ីសាកេត​ជាដើម ដែល​ជនជាតិ​បាន​ដណ្តើមបាន​ពីមុនមក​។​
​យើង​មាន​ហេតុផល​ជាច្រើន ដើម្បី​បង្ហាញ​បញ្ជាក់ថា ហេតុដូចម្តេច​បានជា​ក្នុង​ព្រះរាជ​ពង្សាវតារ​ថៃ ដូចជា​ច្បាប់​របស់​អ្នកអង្គម្ចាស់​នព្វ​រ័ត្ន តែង​ឡើង​នៅ​ព​.​ស ២៤២០ ត្រូវ​និង​គ​.​ស ១៨៧៧ បាន​ប្រើពាក្យ “​សៀម​រា​ដ្ឋ​” ជំនួស​ពាក្យ​សៀមរាប​ទៅវិញ​។ តាមពិតទៅ​ការប្រើ​ពាក្យ​សៀម​រា​ដ្ឋ (​សៀម​រ៉ា​ត​) ដើម្បី​ហៅ​ទីប្រជុំជន​មួយ ដែល​ពីមុន​គឺជា​សមរភូមិ ឬ​លាន​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម​រវាង​ខ្មែរ និង​សៀម ស្ថិតក្នុង​ស្រុក​នគរវត្ត គឺ​បណ្តាលមកពី​អាជ្ញាធរ​ថៃ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ព្រះ​ចៅ​ថា​យ​ស្រះ មិន​ចង់​រំឭក​នូវ​បរាជ័យ​ដ៏​អាម៉ាសមុខ​របស់​កងទ័ព​ឈ្លានពាន​សៀម​តែប៉ុណ្ណោះ ទោះបីជា​សម័យ​នោះ​ទ្រង់​បាន​ត្រួតត្រា​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ​។
​ យ៉ាងណាមិញ គឺ​ដោយសារតែ​ហេតុការណ៍​នេះហើយ ទើប​ព្រះបាទ​ព្រះ​ចោម​ក្លាវ​ចៅ​យូ​ហួ ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជាមួយ​ឥ​ណ្ណា​ម ទ្រង់​ក៏បាន​ប្រើពាក្យ​ស្រុក ឬ​មឿ​ព្រះ​នគរវត្ត​ជំនួស​ពាក្យ​ស្រុក ឬ​មឿង​សៀម​រ៉ា​ត​ផងដែរ​។​
​ យើង​គ្មាន​ឯកសារ​របស់​ថៃ​ណាមួយ ដើម្បី​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​អំពី​ការផ្លាស់ប្តូរ​ឈ្មោះ​ពី​មឿង​ព្រះ​នគរវត្ត ទៅជា​សៀមរាប​ទេ ហើយ​បើ​មាន​ក៏​អាច​ស្ថិតក្នុង​ដើម​សម័យ​រជ្ជកាល​ទី​៣ ដែលជា​សម័យ​បាងកក ដែល​គេ​ហៅថា រតន​កោ​សិ​ន្ទ្រ​។ ក៏ប៉ុន្តែ ចំពោះ​ជនជាតិខ្មែរ​វិញ ឈ្មោះ​សៀមរាប ពិតជា​ត្រូវបាន​ផ្តើមឡើង​ក្នុង​រជ្ជកាល​របស់​ព្រះអង្គ​ច័ន្ទ​យ៉ាង​ប្រាកដ ឥត​ក្លែងក្លាយ ទោះជា ទឡ្ហីករណ៍​មាន​ខ្វះចន្លោះ​យ៉ាងណាក៏ដោយ​។ ព្រោះថា ការតាំង​ឈ្មោះ​សៀមរាប​នេះ មិនមែនជា​រឿង​ចៃដន្យ ឬ​ជំនឿ​លេងសើច ជាពិសេស ក្នុងសម័យ​កាល​មួយ​ដែល​ខ្មែរ និង​សៀម​នៅ​ច្បាំង​គ្នា​មិន​ឈប់​មិន​ឈរ​។ ដូច្នេះ ការចង់​យល់​ឲ្យ​លំ​អិតពី​ប្រវត្តិ​ពិត​នៃ​ឈ្មោះ​សៀមរាប តម្រូវ​ឲ្យ​យើង​ស្គា​ល់ពី​បរិបទ​សង្គម នយោបាយ ហើយ​ទង្វើ​នេះ គឺជា​ការចាំបាច់​បំផុត​៕ (​ម​.​ត្រា​ណេ​)

Comments