រឿងកូរសមុទ្រទឹកដោះ

ដំណើររឿងពិស្ដារ
បុរាណាចារ្យខ្មែរ បានឆ្លាក់ រឿងនេះ នៅលើជញ្ជាំងប្រាសាទអង្គរវត្ត មានបណ្តោយ ៤៩ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ មានរូបក្រុមអសុរៈ (យក្ស ) នៅខាងឆ្វេងដៃ ចំនួន ៩២អង្គ និងរូបក្រុម ទេវៈនៅខាងស្តាំដៃ ចំនួន៨៨អង្គ ។ រឿងកូរសមុទ្រ ទឹកដោះ មានកំណើត ឡើងនៅរវាង សតវត្សរ៍ទី១១ ក្នុងរជ្ជកាល ព្រះបាទ ឧទ័យាទិត្យវរ្ម័នទី២ (១០៥០-១០៦៦) នៃគ្រិស្តសករាជ ក្នុងរចនាបថ បាពួន ។
ជាទូទៅ ក្រុមទេវៈ និង ក្រុមអសុរៈ តែងតែប្រឆាំងគ្នាជានិច្ច តាំងពីកំណើតមក ។ ប៉ុន្តែ ហេតុអ្វីបានជាក្រុមទាំង២នេះ អាចស្រុះស្រួល និង ពួតដៃខិតខំកូរសមុទ្រទឹកដោះជាមួយគ្នា ក្នុងគោលបំណងស្វែងរកទឹកអម្រឹត?

តាមការនិទានរបស់លោកស្រីសាស្រ្ដាចារ្យ Vasundhara Filliozat ៖
ពួកទេវៈនិងអសុរៈតែងតែមិនចុះសម្រុងនឹងគ្នា ប៉ុន្តែពួកគេមានអានុភាពខ្លាំងដូចគ្នា ។ ជានិច្ចកាល ពួកគេតែងតែមានជម្លោះទាស់ទែងគ្នាមិនចេះចប់ ក្នុងគោលបំណងដណ្ដើមអំណាចគ្រប់គ្រង ។ ហេតុនេះនៅវេលាមួយ គូបដិបក្ខទាំងពីរក៏បានបើកការប្រយុទ្ធគ្នាយ៉ាងធំមួយ ក្នុងគោលបំណងដណ្ដើមកាន់កាប់ និង គ្រប់គ្រងលើភពទាំងឡាយ ។ នៅក្នុងសមរភូមិប្រយុទ្ធនាពេលនោះ ពោរពេញដោយសម្លេងកងរំពង ។ កងទ័ពទេវៈ បានសម្លាប់ពលអសុរៈអស់ជាច្រើន ដោយអាវុធ ដាវ លំពែង និង ព្រួញ ប៉ុន្តែពួកអសុរៈទាំងនោះនៅតែអាចរស់រានមានជីវិតឡើងវិញ ព្រមទាំងអាចបន្តការប្រយុទ្ធ ហើយថែមទាំងបានសម្លាប់កងទ័ពទេវៈវិញ អស់ជាច្រើនពាន់នាក់ទៀតផង ។ ការណ៍នេះធ្វើឲ្យភាគីទេវៈឆ្ងល់យ៉ាងខ្លាំង ដោយរកមូលហេតុពិតពុំឃើញទាល់តែសោះ ។ តាមពិតពួកអសុរៈ ទាំងឡាយដែលស្លាប់ហើយអាចរស់ឡើងវិញបាន គឺដោយសារមានយក្ខមួយនាម សុក្រាចារ្យ (តាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួនណាត សុក្រាចារ្យ ជាបុត្រនៃវេបចិត្តិអសុរិន្ទ និងនាងសិង្ហិកា) ដែលជាគ្រូនៃពួកអសុរៈទាំងឡាយ បានប្រើមន្ដអាគមពិសេសជួយធ្វើឲ្យពលអសុរៈទាំងនោះរស់ឡើងវិញបាន ។ សុក្រាចារ្យ ចេះវិជ្ជាមួយអស្ចារ្យលើសគេ សូម្បីតែពួកទេវៈក៏ពុំអាចប្រៀបផ្ទឹមបានដែរ ។ វិជ្ជានោះ គឺមន្ដអាគមស័ក្កិសិទ្ធិ ប្រោះអ្នកស្លាប់ឲ្យរស់ឡើងវិញ ។

នៅក្នុងសមរភូមិប្រយុទ្ធ សុក្រាចារ្យ ពុំបានបង្ហាញខ្លួននៅចំពោះមុខជាសាធារណៈទេ ប៉ុន្តែលោកតែងតែប្រារព្ធពិធីប្រោះពលអសុរៈទាំងឡាយ ដែលត្រូវកងទ័ពទេវៈសម្លាប់ ឲ្យរស់ឡើងវិញភ្លាមៗក្នុងសមរភូមិ ។ ផ្ទុយទៅវិញ កងទ័ពទេវៈពុំមានសំណាងដូចពឡអសុរៈឡើយ ។ ពលទេវៈទាំងឡាយនោះត្រូវស្លាប់ជាបន្តបន្ទាប់ ដោយទ័ពអសុរៈ រហូតធ្វើឲ្យចំនួនកងទ័ព នៃក្រុមទេវៈកាន់តែខ្សោយទៅៗ ។ ដោយឃើញសភាពការណ៍មិនស្រួលបែបនេះ ក្រុមទេវៈក៏ប្រញាប់សុំពួកអសុរៈផ្អាកធ្វើសង្រ្គាមមួយរយៈសិន។

ក្រោយពីសង្រ្គាមបានផ្អាក ក្រុមទេវៈបាននាំគ្នាប្រជុំពិភាក្សាក្នុងបំណងរិះរកមធ្យោបាយបែបណា ដែលអាចយកឈ្នះលើពួកអសុរៈបាន ។ ក្រុមទេវៈបានគិតថា មានតែទឹកអម្រឹតមួយគត់ ដែលអាចជួយឲ្យទេវៈទាំងឡាយមានជីវិតអមតៈ និងអាចយកជ័យជំនះលើពួកអសុរៈបាន ។ ប៉ុន្តែ ក្រុមទេវៈមិនអាចសម្រេចគោលបំណងដ៏ធំនេះបានទេ បើគ្មានការចូលរួមជួយពីពួកអសុរៈ ។ ហេតុនេះក្រុមទេវៈបានសម្រេចចិត្តទៅបញ្ចុះបញ្ចូលក្រុមអសុរៈ ដើម្បីបើកការកូរសមុទ្ររួមគ្នា ក្នុងគោលបំណងស្វែងរកទឹកអម្រឹត ហើយសន្យាថានឹងធ្វើការបែងចែកទឹកអម្រឹត ដែលទទួលបាននោះដល់អ្នកកូរទឹកសមុទ្រទាំងអស់គ្នា ។ ដោយមានការលោភលន់ និងចង់បានជីវិតអមតៈផងនោះ ពួកអសុរៈទាំងនោះក៏សម្រេចចិត្តយល់ព្រមសហការជាមួយក្រុមទេវៈ ។ បន្ទាប់មក ពួកគេទាំងពីរក្រុមក៏ចាប់ផ្ដើមបើកកិច្ចប្រតិបត្តិការកូរសមុទ្រទឹកដោះ ដើម្បីស្វែងរកទឹកអមតៈ ។

ពេលនេះ ពួកគេទាំងពីរក្រុមបានចាប់ផ្ដើមធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដោយខិតខំរិះរកមធ្យោបាយបែបណា ដើម្បីធ្វើឲ្យប្រតិបត្តិការនៃការកូរសមុទ្រទឹកដោះ អាចដំណើរការទៅបាន និងទទួលបានជោគជ័យ ។ នៅទីបញ្ចប់ ក្រុមទាំងពីរបានមូលមតិគ្នា និងសម្រេចយកភ្នំ មន្ទរៈ មកធ្វើជាខ្នូរ ដើម្បីកូរទឹកសមុទ្រ និងបានយកពស់ វាសុកី ដែលជាស្ដេចពស់រស់នៅបាតសមុទ្រ មកធ្វើជាខ្សែព្រ័ត ដើម្បីទាញបង្វិលខ្នូរ ។ ជាដំបូង ក្រុមទេវៈបានសម្រេចចិត្តកាន់ខាងក្បាលសត្វពស់ (ពាក់កណ្ដាលមកខាងក្បាល) ចំណែកឯក្រុមអសុរៈ កាន់ពាក់កណ្ដាលមកខាងកន្ទុយ ។ លុះស្រុះស្រួលគ្នាហើយ ពួកគេទាំងពីរក្រុមក៏ចាប់ផ្ដើមកូរសមុទ្រទឹកដោះ ។ ប៉ុន្តែនៅពេល ការងារកូរទឹកសមុទ្រប្រព្រឹត្តទោបានបាក់កណ្ដាលទី ស្រាប់តែភ្នំ មន្ទរៈ ត្រូវផ្អៀងធ្វើឲ្យដំណើរការកូរទឹសមុទ្រត្រូវផ្អាកជាបណ្ដោះអាសន្ន ។ ក្នុងពេលនោះ ពួកគេទាំងពីរក្រុមបានគិតថា មានតែព្រះ វិស្ណុ តែមួយគត់អាចជួយធ្វើឲ្យភ្នំ មន្ទរៈ ឈរត្រង់ដូចដើមវិញ ។ ដូចនេះពូកគេក៏នាំគ្នាទៅសុំជំនួយពីព្រះ វិស្ណុ ។ ដើម្បីជួយសម្រួល និង ថ្វើឲ្យការកូរសមុទ្រទឹកដោះអាចប្រព្រឹត្តទៅបានជាបន្តទៀត ព្រះវិស្ណុ ទ្រង់បានបែងភាគធ្វើជាសត្វអណ្ដើកធំមួយ ឈ្មោះថា កូម៌ ដែលជាអវតាមួយក្នុងចំណោមអវតាទាំងដប់របស់ព្រះវិស្ណុ ឲ្យមុជចុះទៅទ្រភ្នំ មន្ទរៈ ពីក្រោម រហូតដល់ធ្វើឲ្យភ្នំអាចឈរត្រង់ដូចដើមវិញ។

ក្រោយពីភ្នំ មន្ទរៈ ត្រូវបានបញ្ឈរត្រង់ឡើងវិញ ក្រុមទាំងពីរក៏បន្តការកូរសមុទ្រទឹកដោះតទៅទៀត ប៉ុន្តែក្នុងវគ្គទី២នេះ ក្រុមខាងទេវៈ បានសុំកាន់ផ្នែកពាក់កណ្ដាលមកខាងកន្ទុយវិញ ដោយឲ្យក្រុមអសុរៈកាន់ផ្នែកពាក់កណ្ដាលទៅខាងក្បាលសត្វពស់ វិញម្ដង ។ ប៉ុន្តែលើកនេះ សកម្មភាពនៃការទាញបង្វិលខ្នូរកូរ មានសភាពងាយស្រួល និង មានសន្ទុះខ្លាំងជាងមុន ដោយសារតែមានជំនួយពីសត្វអណ្ដើក ដែលកំពុងទ្រភ្នំពីក្រោម ។ ការទាញបង្វិលភ្នំ មន្ទរៈ មានសន្ទុះកាន់តែខ្លាំងទៅៗ បានធ្វើឲ្យសត្វទឹកទាំងឡាយដែលកំពុងស្ថិតនៅជិតខ្នូរកូរ ត្រូវដាច់ខ្លួនជាពីរ ឬ បី កំណាត់ បណ្ដាលមកពីកម្លាំងគួចខ្លាំងនៃទឹក ។

ដោយសកម្មភាពចាប់ទាញសត្វពស់ ដើម្បីបង្វិលភ្នំ មន្ទរៈ កាន់តែមានសន្ទុះខ្លាំងទៅ ៗ នាំឲ្យខ្លួនប្រាណរបស់ពស់ វាសុកី ត្រូវរឹតរួតយ៉ាងខ្លាំងបណ្ដាលឲ្យក្អែរពិសដែលមានឈ្មោះថា ហាឡាហាឡា ចេញមកខាងក្រៅ ។ ពិសពស់នេះមានគ្រោះថ្នាក់ជាទីបំផុត សម្រាប់ពិភពទាំងឡាយក្នុងចក្រវាឡទាំងមូល ពីព្រោះប្រសិនបើពិសពស់នេះធ្លាក់ទៅលើឋានណាមួយ គឺឋាននោះត្រូចឆាបឆេះមួយរំពេច ។ ម្យ៉ាងទៀតគ្មានអទិទេពអង្គណាមួយអាចបង្រ្កាបពិសពស់នេះបានឡើយ សូម្បីតែអទិទេពៗទាំងបី ដូចជា ព្រះសិវៈ ព្រះ វិស្ណុ ព្រះព្រហ្ម ។ ដោយភ័យខ្លាចនឹងពិសពស់ ក្រុមកូរទឹកសមុទ្រទាំងឡាយបាននាំគ្នាសុំអង្វរព្រះ សិវៈ ដើម្បីឲ្យទ្រង់យាងទៅជួយអន្ដរាគមន៍ ។ ព្រះសិវៈ ទ្រង់បានពិចារណាយ៉ាងជាក់ច្បាស់ពីផលដែលបង្កឡើងដោយពិសពស់នេះ ។ ប៉ុន្តែដោយមានការអង្វរករពីក្រុមកូរសមុទ្រទឹកដោះ ព្រះសិវៈ ទ្រង់បានសម្រេចព្រះទ័យយល់ព្រមកំចាត់ពិសពស់នោះចេញ ទោះបីទ្រង់ដឹងថាពិសពស់នេះផ្ដល់ផលអាក្រក់យ៉ាងណាក៏ដោយ ។ ខណៈនោះ ព្រះនាង ឧមា ជាព្រះមហេសី គ្រាន់តែបានឮនូវការសម្រេចព្រះទ័យរបស់ស្វាមីភ្លាម ក៏កើតក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដោយសារខ្លាចស្វាមីរបស់ខ្លួនត្រូវអន្ដរាយដោយសារឥទ្ធិពលនៃពិសពស់នេះ ។ ហេតុនេះ ព្រះនាង ឧមា មិនហ៊ានឃ្លាតទៅណាឆ្ងាយពីព្រះ សិវៈ ឡើយ ។

ក្រោយពីទ្រង់យល់ព្រមជាមួយក្រុមកូរទឹកសមុទ្រនោះភ្លាម ព្រះ សិវៈ ទ្រង់បានចាប់ក្បង់ពិសពស់ទាំងឡាយនោះលេបចូលទៅក្នុងមាត់ ។ ពេលនោះ ព្រះនាង ឧមា បានស្ទុះទៅចុចបំពង់ក ព្រះ សិវៈ ជាប់ដើម្បីកុំឲ្យពិសពស់ទាំងនោះហូរចូលទៅក្នុងព្រះកាយព្រះអង្គ បើមិនដូច្នោះទេ ព្រះ សិវៈ នឹងត្រូវទទួលនូវក្ដីអន្ដរាយដល់ជីវិតភ្លាមៗ ។ ដោយសារព្រះនាង ឧមា បានស្ទុះទៅទប់បំពង់ក ព្រះសិវៈ ទាន់ពេលវេលា ទើបធ្វើឲ្យពិសពស់ទាំងអស់នោះស្ថិតនៅត្រឹមបំពង់ក របស់ព្រះសិវៈ តែប៉ុណ្ណោះ ។ ដោយមហិទ្ធិឫទ្ធិអស្ចារ្យនៃពិសពស់ ទើបបំពង់កព្រះសិវៈ បានក្លាយជាពណ៌ ខៀវក្រម៉ៅ ។ ព្រះសិវៈ ដែលមានទិដ្ឋភាពបែបនេះត្រូវគេដាក់ព្រះនាមថា និលកន្ធ មានន័យថា ព្រះសិវៈក្នុងរូបសណ្ឋានព្រះភ័ក្រ្ដពណ៌ខ្មៅ ។ ពិសពស់ដែលស្ថិតនៅក្នុងបំពង់ក បានធ្វើឲ្យព្រះសិបៈ ទ្រង់ទទួលអារម្មណ៍ក្ដៅអន្ទះអន្ទែងយ៉ាងខ្លាំងរហូតធ្វើឲ្យទ្រង់ទ្រាំពុំបាន ។ ខណៈនោះ ព្រះសិវៈ បានចាប់យកចំនិតព្រះច័ន្ទ មកដាក់ពីលើផ្នួងសក់របស់ព្រះអង្គ ដើម្បីជួយឲ្យព្រះកាយរបស់ទ្រង់ត្រជាក់វិញ ។

ក្រោយពីពិសពស់ត្រូវបានដោះស្រាយរួចរាល់ ការងារកូរសមុទ្រទឹកដោះបានចាប់ផ្ដើមដំណើរការជាបន្តទៀត រហូតដល់ទីបញ្ចប់ ។ តែមុនពេលការកូរសមុទ្រទឹកដោះជិតឈានដល់ទីបញ្ចប់ ក៏ស្រាប់តែមានលេចចេញមកនូវសត្វលោកមួយចំនួន ជាបន្តបន្ទាប់ ។ ជាដំបូងលេចចេញជាសេះមួយក្បាលមានឈ្មោះថា ឧច្ចៃស្រវាស ។ គ្រាន់តែលេចចេញរូបរាងមកភ្លាម ស្រាប់តែព្រះសូរ្យ ឬ ព្រះអាទិត្យ ចាប់យកមកធ្វើជាយាន្ដជំនិះផ្ទាល់របស់ទ្រង់ ។ បន្ទាប់មកលេចចេញដំរីក្បាលបី ឈ្មោះថា ឰរ៉ាវ័ត ដែលត្រូវព្រះឥន្រ្ទ ចាប់យកមកធ្វើជាយាន្ដជំនិះផងដែរ ។ ក្រោយមកលេចចេញអាទិទេពមួយអង្គព្រះនាម ស្រី ឬ លក្ស្មី ។ អាទិទេពប្រកបដោយសម្ផស្សល្អស្អាតមួយអង្គនេះ ត្រូវបានព្រះវិស្ណុ ទទួលយកធ្វើជាព្រះមហេសី ។ នៅចុងក្រោយលេចចេញទេពអប្សរយ៉ាងច្រើនសន្ធឹកសន្ធាប់ ហោះហើរនិងរេរាំលើអាកាស ចេញមកអបអរសាទរចំពោះក្រុមកូរសមុទ្រទឹកដោះទាំងពីរ ដែលបានសម្រេចលទ្ធផលដ៏ធំមួយ គឺការទទួលទឹកអម្រឹត ជាពិសេស ទេពអប្សរទាំងអស់នេះលេចចេញមក ដើម្បីសម្ដែងការអបអរ និងថ្វាយពរជ័យដល់ព្រះវិស្ណុ និង ព្រះសិវៈ ដែលជានិច្ចកាលព្រះអង្គតែងតែបានជួយធ្វើអន្ដរាគមន៍ រហូតធ្វើឲ្យការកូរសមុទ្រទឹកដោះឈានទៅសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ។

ចុងបញ្ចប់ ពួកទេវៈ និង អសុរៈក៏ទទួលបានទឹកអម្រឹតដូចបំណង ។ ទឹកអម្រឹតដែលលេចចេញមកនោះ ស្ថិតនៅក្នុងក្អមមួយ ហើយពួកគេត្រូវធ្វើការបែងចែកទឹកអម្រឹតនេះទៅដល់អ្នកកូរសមុទ្រទឹកដោះទាំងអស់គ្នា ។ ដើម្បីបែងចែកទឹកអម្រឹតនេះ ព្រះវិស្ណុ ទ្រង់មានតួនាទីសំខាន់ជាងគេ ព្រោះទ្រង់គង់ជាអាជ្ញាកណ្ដាល ។ ប៉ុន្តែដោយមានភាពលម្អៀង ព្រះអង្គបានប្រែព្រះកាយទ្រង់ ជាស្រីរបាំរូបស្រស់ម្នាក់ឈ្មោះថា មោហិនិ ។ បន្ទាប់មកទ្រង់ បានយកក្អមដែលដាក់ទឹកអម្រឹត មកកណ្ដៀតនៅលើចង្កេះ រួចចាប់ផ្ដើមច្រៀងរាំនៅចំកណ្ដាលក្រុមទេវៈ និង អសុរៈ ដែលកំពុងឈរព័ទ្ធជុំវិញទីនោះ ។ ព្រះវិស្ណុ ទ្រង់ធ្វើបែបនេះគឺ ក្នុងគោលបំណងបន្លំភ្នែក និងធ្វើឲ្យពួកអសុរៈភ្លេចគិតពីការចង់បានទឹកអម្រឹត ។ ក្នុងពេលទ្រង់សម្ដែងរបាំនោះ ព្រះវិស្ណុក៏បានលួចបែងចែកទឹកអម្រឹតដល់ពួកទេវៈតែប៉ុណ្ណោះ ចំណែកឯពួកអសុរៈវិញគ្មានបានទឹកអម្រឹតសូម្បីមួយដំណក់។ ដោយដឹងហេតុការណ៍មិនស្រួល សុក្រាចារ្យ ដែលជាគ្រូនៃពួកអសុរៈទាំងឡាយ បានលបប្រែកាឡាបន្លំជាទេវៈ ហើយបានចូលទៅបន្លំឈរជាមួយក្រុមទេវៈដើម្បីរង់ចាំទទួលទឹកអម្រឹតពូព្រះវិស្ណុ ។ គ្រាន់តែទទួលបានភ្លាម សុក្រាចារ្យ ក៏លេបចូលក្នុងមាត់មួយរំពេច ។ ក្នុងខណៈនោះ ព្រះច័ន្ទ និង ព្រះអាទិត្យ ដឹងហេតុការណ៍ ក៏ស្ទុះទៅប្រាប់ព្រះវិស្ណុ ភ្លាមផងដែរ ។ ដោយក្រោធនឹង សុក្រាចារ្យ បន្លំខ្លួនជាទេវៈទទួលយកទឹកអម្រឹត ព្រះវិស្ណុ ទ្រង់បានយកកងចក្រគប់សំដៅទៅរក សុក្រាចារ្យ នោះត្រូវដាច់ខ្លួនជាពីរកំណាត់ភ្លាម ដោយចែកដាច់ត្រឹមក ។ ចំណែកខ្លួនរបស់ សុក្រាចារ្យ ទាំងពីរកំណាត់នោះបានក្លាយជាអាទិទេពចំនួនពីរអង្គខុសៗគ្នាផងដែរ ។ ខាងក្បាលបានក្លាយជាអាទិទេពមួយអង្គមានឈ្មោះថា រាហុ ។ ឯខាងដងខ្លួនវិញ ក្លាយជាអាទិទេពមួយអង្គផ្សេងទៀត ឈ្មោះថា កេតុ ។ ដោយសារដាច់ខ្លួនជាពីរចំណែក យ៉ាងអាណោចអាធម្ម បណ្ដាលមកពីការអុចអាលរបស់ព្រះច័ន្ទ និង ព្រះអាទិត្យ ទើប រាហុ មានកំហឹងនឹងអាទិទេពទាំងពីរអង្គនេះយ៉ាងខ្លាំង ហើយតែងតែប៉ុនប៉ងតាមសងសឹកជានិច្ច ។ (នៅក្នុងជំនឿខ្មែរបុរាណ អាទិទេពទាំងពីរអង្គ រាហុ និង កេតុ ត្រូវបានគេចាត់ទុកជាអាទិទេពតំណាងឲ្យជោគជតារាសីល្អនិងអាក្រក់ ។ ក្នុងនោះគេជឿថា រាហុ តំណាងឲ្យប្រផ្នូលល្អ ឬ សំណាងល្អ ។ ចំណែកឯ កេតុ វិញតំណាងឲ្យហេតុភេទអាក្រក់ ឬគ្រោះកាចចង្រៃផ្សេងៗ ៕)

Comments