ប្រវត្តិ វត្តសសរ១០០

ព្រះវិហារសសរ ១០០ ស្ថិតនៅក្បែរមាត់ទន្លេមេគង្គ នាត្រើយខាងកើត ក្នុង ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ កសាងលើទីតាំងប្រាសាទនៃព្រះរាជវាំង “ សម្ភៈបុរៈ “ នាសម័យចេនឡា ។ ព្រះវិហារនេះកាលពីជំនាន់មុនគេហៅថា “ ព្រះវិហារធំ “ ព្រោះនៅក្នុងព្រះវិហារមាន បដិមាករមួយអង្គ ធំជាងគេនៅទឹកដីខេត្តក្រចេះទាំងមូល ។តាម ការនិទាន តៗគ្នារបស់អ្នកស្រុកថា ព្រះភ្នែនព្រះបដិមាករមានប្រវែង ជិត៣ម៉ែត្រដែរ ហើយបែរព្រះភក្រ្ដ សំលឹងទៅព្រះចេតិយ ព្រះនាងវរភ័ក្ដិ ដែលស្ថិតនៅទិសខាងជើងត្រង់ព្រះវិហារនេះ ។ វត្តសសរ ១០០ កសាងឡើងដោយស្នាព្រះហស្ថ នៃព្រះបាទអង្គចន្ទរាជាទី២ (គ ស ១៨០៦ ដល់ ១៨៣៩) ដែលព្រះអង្គ បានត្រាស់បញ្ជាឲ្យគេកសាងឡើង ដើម្បីឧទ្ទិសថ្វាយសូមឲ្យបារមី ព្រះវិហារនេះជួយថែរក្សាព្រលឹងព្រះ នាងវរភ័ក្ដិ ដែលជាបុត្រី បណ្ដូលចិត្តតែមួយគត់របស់ព្រះអង្គ ។
វត្ត សសរ១០០ កាលសម័យអង្គចន្ទរាជាទី២ មានបណ្ដោយ ៣០ម x ១០ម ចំណុះសសរ១០០ តម្កល់លើ ខឿន ដែលមានកម្ពស់ជាង ១ម៉ែត្រ គេសង់បែរមុខទៅទិសខាងជើង ។ ចាស់ទុំខ្លះដំណាលថា ព្រះវិហារនេះធំសម្បើម ណាស់ មុននឹងលើកសសរទាំង១០០ បញ្ឈរឡើង រណ្ដៅនិមួយៗ សុទ្ធតែកល់ក្រាលដោយនារីព្រហ្មចារីចំនួន១០០ នាក់ ។ មុននឹងលើកសសរនេះឡើង ព្រះរាជាទ្រង់ឲ្យធ្វើពិធីមួយហៅថា “ ពិធីបូជាយញ្ញ “ ឧទ្ទិសដល់ អ្នកតាម្ចាស់ ស្រុកនៅទីនោះ។ ពិធីនេះគេឲ្យក្មេងព្រហ្មចារី ចំនួន១០០នាក់ តាក់តែងគ្រឿងអលង្ការ យ៉ាង ស្អាតបាត ពាក់អង្កាំនៅ តាមដៃ ក ជើង ហើយអង្គុយបែរមុខឆ្ពោះទៅរក រណ្ដៅទាំង ១០០ ដោយកៀកជិតមាត់រណ្ដៅ ដៃប្រណម្យឡើងកាន់ គ្រឿងសក្ការៈ បូជា ឯក្រុមពេជ្ឈឃាតទាំង១០០នាក់ឈរពីក្រោយខ្នង ដៃកាន់ដាវយ៉ាងមុតប្រុងចាំស្ដាប់សញ្ញាកងជ័យ ដែលក្រុមបុរោហិតបានគោះ ។ គេទាំងឡាយប្រុងចាំស្ដាប់ សញ្ញាទាំងនោះដោយប្រុងប្រយ័ត្នបំផុត ពេលឮសញ្ញា គងបន្លឺស័ព្ទ គ្រប់ ៣ ដង ពេជ្ឈឃាតទាំងនោះ វាត់ដាវព្រមៗគ្នាមួយខ្វាច់បណ្ដាច់ ក នាងៗទាំងនោះ ហើយរុញទម្លាក់ ទៅក្នុងរណ្ដៅសសរ ១០០ ក្នុងគោលបំណងឲ្យនាងទាំងនោះនៅថែរក្សា សសរទាំង១០០មួយៗ ម្នាក់ជាអមតៈ ៕

Comments