ប្រវត្តិ នៃ ឈ្មោះ ខេត្ត ពោធិ៍សាត់

រូប សំណាក ផ្ដិល ធ្វើ អំពី ថ្មកែវ ជា និមិត្តរូប នៃ ខេត្ត ពោធិ៍សាត់។
"ពោធិ៍សាត់" គឺ ជា ខេត្ត មួយ ក្នុង ចំណោម ខេត្ត-ក្រុង ចំនួន ២៥ របស់ កម្ពុជា។ ខេត្ត នេះ មាន ផ្ទៃ ដី សរុប ១២.៦៩២ ម៉ែត្រ ការ៉េ ឋិត នៅ ភាគ ខាង លិច នៃ ប្រទេស មាន ព្រំប្រទល់ ជាប់ ខេត្ត កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និង ខេត្ត បាត់ដំបង។ បច្ចុប្បន្ន នៅ មាន ពលរដ្ឋ មួយ ចំនួន លំបាក ក្នុង ការ កំណត់ យក និយមន័យ នៃ អត្តសញ្ញាណ របស់ ខេត្ត ពោធិ៍សាត់ និង ការ សរសេរ ឈ្មោះ ខេត្ត មួយ នេះ ឲ្យ បាន ត្រឹមត្រូវ។
តើ ខេត្ត ពោធិ៍សាត់ មាន ប្រវត្តិ បែប ណា?
មន្ទីរ វប្បធម៌ និង វិចិត្រ សិល្បៈ ខេត្ត ពោធិ៍សាត់ បាន លើក យក ឯកសារ សម្អាង ចំនួន ពីរ ក្នុង ការ ឲ្យ និយមន័យ និង សរសេរ ឈ្មោះ ខេត្ត ពោធិ៍សាត់ គឺ ទី មួយ វចនានុក្រម សម្ដេច សង្ឃរាជ ជួន ណាត និង ទីពីរ សៀវភៅ កម្ពុជ សុរិយា ដែល បោះពុម្ព នៅ ឆ្នាំ ២០០៣។ យោង តាម ឯកសារ ទាំង ពីរ នេះ បញ្ជាក់ ថា ពាក្យ "ពោធិ៍សាត់ (Pursat)" គឺ ជា ពាក្យ ត្រឹមត្រូវ របស់ ខេត្ត នេះ មិនមែន "ពោធិសាត់ (Podhisat)" នោះ ទេ។
ប្រធាន មន្ទីរ វប្បធម៌ និង វិចិត្រ សិល្បៈ លោក ឡាច ផេងលី មាន ប្រសាសន៍ ថា ការ ឲ្យ និយមន័យ និង សរសេរ ឈ្មោះ ខេត្ត ពោធិ៍សាត់ ខុស គឺ ជា កំហុស មួយ ត្រូវ កែប្រែ ជា បន្ទាន់ ដើម្បី កុំ ឲ្យ ក្មេង ជំនាន់ ក្រោយៗ ភ័ន្ត ច្រឡំ។ លោក នឹង ព្យាយាម កែតម្រូវ មិន ឲ្យ មាន ការ សរសេរ ឈ្មោះ ឬ ឲ្យ និយមន័យ ពីរ បី ទាក់ទង នឹង ខេត្ត ពោធិ៍សាត់ ស្រេច តែ មនុស្ស នឹក ឃើញ នោះ ទេ ដោយ រាប់ ទាំង ការ សរសេរ នៅ លើ ស្លាក លេខ ម៉ូតូ ជាដើម៖ «អ៊ីចឹង ឈ្មោះ ខេត្ត ពោធិ៍សាត់ មិន មែន ជា ពាក្យ អាទិទេព អី ទេ គឺ ដក ស្រង់ ចេញ ពី បាលី មក ពោធិ៍ ឈ្មោះ ដើម ពោធិ៍ ពោធិ៍ ហ្នឹង រសាត់ អ៊ីចឹង ពាក្យ ហ្នឹង គេ អាន ពីរ ម៉ាត់ គឺ ពោធិ៍សាត់។ បច្ចុប្បន្ន ដែល សរសេរ ផ្លូវការ នៅ ក្នុង ផែនទី គេ ដាក់ PURSAT ពាក្យ ហ្នឹង ត្រឹមត្រូវ តែ បើ នរណា ពោធិ ខុស ហើយ។ អ៊ីចឹង ស្លាក លេខ ម៉ូតូ នៅ ថ្ងៃ អនាគត មន្ទីរ វប្បធម៌ នឹង ស្នើ ទៅ ក្រសួង សាធារណការ និង ដឹក ជញ្ជូន សូម ឲ្យ កែតម្រូវ ឡើង វិញ»។
តាម ពាក្យ ពី ព្រេងនាយ ដំណាល ថា មាន ដើម ពោធិ៍ មួយ ដើម រសាត់ ច្រាស ទឹក ដ៏ ប្លែក អស្ចារ្យ ឃើញ ដូច្នេះ អ្នក ស្រុក ក៏ នាំ គ្នា យក ខ្សែ ពួរ ទៅ ទាក់ ចង តែ មិន ជាប់ ហើយ បន្ត រសាត់ ដល់ កន្លែង មួយ ត្រង់ ខាង មុខ ទី ប្រាសាទ ព្រះខ័ន។ រសាត់ មក ដល់ ទី នេះ ព្រះសង្ឃ និង អ្នក ស្រុក បាន រៀបចំ គ្រឿង ពលីការ បូជា ទៀន ធូប ផ្កាភ្ញី ដោយ អធិដ្ឋាន បួង សួង សុំ យាង ដើម ពោធិ៍ ដើម្បី ប្រតិដ្ឋាន ដាំ ទុក នៅ ទីតាំង នោះ។
ព្រះសង្ឃ បាន យក ខ្សែ អំបោះ ៧ សរសៃ ទៅ ចង ដើម ពោធិ៍ រួច ប្រគំភ្លេង ពិណពាទ្យ ថ្វាយ ដើម ពោធិ៍ ស្រាប់ តែ ដើម ពោធិ៍ នោះ ត្រូវ បាន អ្នក ស្រុក អូស តាម ជម្រាល ដី ឡើង ច្រាំង ខាង កើត ប្រាសាទ ព្រះខ័ន បាន ដោយ ងាយ។ អ្នក ស្រុក ក៏ ស្រែក អឺងកង ឡើង ថា "បានការ...បានការ" ហើយ ទួល នេះ បាន ជាប់ ឈ្មោះ "ទួល បានការ" ត រៀង មក ដែល បច្ចុប្បន្ន ទួល នេះ ឋិត នៅ ខាង កើត វត្ត បាកាន ក្នុង ទឹកដី ស្រុក បាកាន។
ដោយសារ ប្រាសាទ ព្រះខ័ន មាន បារមី ខ្លាំង ពូកែ និង បួងសួង សុំ កំណប់ ទ្រព្យ អ្វី បាន នោះ ដំណឹង បាន លេច ឮ ដល់ កងទ័ព សៀម ដែល នៅ ក្បែរ ព្រំដែន ស្វាយដូនកែវ និង ចង់ មក ជីក យក វត្ថុ មាន តម្លៃ ទាំង នោះ។ អ្នកស្រុក និង ព្រះសង្ឃ ក៏ នាំ គ្នា លើក ដី ពូន លុប ប្រាសាទ ក្នុង បំណង លាក់ ទុក អាថ៌កំបាំង ដោយ យក ដើម ពោធិ៍ ទៅ ដាំ លើ ចំហៀង កូន ភ្នំ និង ប្ដូរ ឈ្មោះ មក ជា "បាកាន" វិញ ដែល បច្ចុប្បន្ន គេ ហៅ ថា ស្រុក បាកាន។
ប្រធាន មន្ទីរ វប្បធម៌ និង វិចិត្រសិល្ប ខេត្ត ពោធិ៍សាត់ លោក ឡាច ផេងលី ផ្ដល់ បទសម្ភាសន៍ ដល់ វិទ្យុ និង ទូរទស្សន៍ អាស៊ីសេរី កាល ពី ថ្ងៃ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៦។ RFA/Chin Chetha
ក្រៅ ពី ខ្លឹមសារ ដក ស្រង់ ចេញ ពី សៀវភៅ កម្ពុជសុរិយា ឆ្នាំ ២០០៣ ត្រង់ ទំព័រ ៦២ នេះ នៅ ក្នុង វចនានុក្រម សម្ដេច សង្ឃរាជ ជួន ណាត ត្រង់ ទំព័រ ៧៧៩ បញ្ជាក់ ថា ពោធិ៍សាត់ គឺ ជា ឈ្មោះ ខេត្ត មួយ ក្នុង កម្ពុជា រដ្ឋ នៅ ជាប់ ខាង កើត ខេត្ត បាត់ដំបង។ តាម ពាក្យ ដំណាល ពី ព្រេងនាយ ថា មាន ដើម ពោធិ៍ តូច មួយ រសាត់ ច្រាស ទឹក មក ជា អស្ចារ្យ ប្លែក ហើយ គេ បាន ស្រង់ យក ទៅ ដាំ នៅ កន្លែង មួយ។ ដោយ ហេតុ ដូច្នេះ ទើប ឲ្យ ឈ្មោះ ភូមិ ប្រទេស នោះ ថា ពោធិ៍សាត់ ព្រោះ ពាក្យ ថា រសាត់ និង សាត់ ជា ពាក្យ តែ មួយ អាច ប្រើ ជួស គ្នា បាន។ លុះ សំណេរ ជា យូរ អង្វែង មក បាន ក្លាយ ជា "ពោធិ៍សាត់" រហូត ដល់ សព្វថ្ងៃ។
កាល ពី ដើម ខេត្ត ពោធិ៍សាត់ មាន សក្ដានុពល សេដ្ឋកិច្ច សំខាន់ៗ ចំនួន បួន គឺ វិស័យ កសិកម្ម នេសាទ ការ ទាញ យក អនុផល ព្រៃឈើ និង ធនធាន ថ្មកែវ។ ប៉ុន្តែ បច្ចុប្បន្ន ក្រៅ ពី វិស័យ កសិកម្ម ធនធាន ទាំង នេះ ត្រូវ បាន ឈ្មួញ ដែល ជា អ្នក មាន លុយ និង អំណាច បំផ្លាញ ស្ទើរ គ្មាន សល់ ដូច ជា ព្រៃឈើ និង មច្ឆាជាតិ ជាដើម។
អាជ្ញាធរ បាន លើក យក សក្ដានុពល មួយ ក្នុង ចំណោម នោះ មក បង្ហាញ សាធារណជន។ នោះ គឺ រូបសំណាក ផ្ដិល ដ៏ ធំ មួយ ដែល អាជ្ញាធរ ចង់ បង្ហាញ ពី សក្ដានុពល នៃ ចម្លាក់ ថ្មកែវ។ អាជ្ញាធរ និង មន្ត្រី ជំនាញ បាន សម្រេច សង់ រូប ផ្ដិល ដ៏ ធំ នេះ នៅ ចំកណ្ដាល ទ្រូង ផ្លូវ ជាតិ លេខ ៥ នា ក្រុង ពោធិ៍សាត់។
ប្រធាន មន្ទីរ វប្បធម៌ និង វិចិត្រ សិល្បៈ ខេត្ត ពោធិ៍សាត់ លោក ឡាច ផេងលី ឲ្យ ដឹង ថា កន្លង ទៅ មន្ទីរ ក៏ ចង់ យក ដើម ពោធិ៍ ធ្វើ ជា អត្តសញ្ញាណ របស់ ខេត្ត ដែរ ប៉ុន្តែ មិន ដឹង សង់ យ៉ាង ណា ឲ្យ សមសួន ឬ ត្រូវ ទៅ នឹង សក្ដានុពល របស់ ខេត្ត ពោធិ៍សាត់។ ក្រោយ មក ក្រុម ប្រឹក្សា និង គណៈ អភិបាល ខេត្ត ដែល កាល ណោះ ដឹកនាំ ដោយ លោក ខូយ សុខា បាន សម្រេច សង់ រូប សំណាក ផ្ដិល នេះ ឡើង នៅ ដើម ឆ្នាំ ២០១៤៖ «ក្បាច់ រចនាបថ ដែល ឆ្លាក់ នៅ លើ ផ្ដិល នេះ តំណាង ឲ្យ ពោធិ៍សាត់ ដែល ពី យូរលង់ ណាស់ មក ហើយ មាន ជាង ចម្លាក់ ក្បាច់ ខ្មែរ យើង នៅ ក្នុង ឯកសារ បង្ហាញ ថា មាន តែ ខេត្ត ពោធិ៍សាត់ យើង ទេ ដែល ឆ្លាក់ ថ្មកែវ ហ្នឹង។ ចំណុច ទី ២ សំខាន់ គឺ តំណាង ឲ្យ ខេត្ត ពោធិ៍សាត់ មាន ជាប់ បឹង ទន្លេសាប ហើយ បង ប្អូន យើង ទាំង អស់ ប្រើប្រាស់ ផ្ដិល គ្រប់ ផ្ទះ និង តំណាង ឲ្យ សេចក្ដី សុខ។ ទី ៣ តំណាង ឲ្យ ជង្រុក ទឹក ស្រោចស្រព ស្រែចម្ការ ហើយ បច្ចុប្បន្ន គេ អភិវឌ្ឍ ខេត្ត ពោធិ៍សាត់ គេ យក វារីអគ្គិសនី ក៏ ចេញ ពី ខេត្ត ពោធិ៍សាត់ ដែរ»។
លោក ឡាច ផេងលី បាន លើក ហេតុផល បន្ថែម ទៀត លើ ការ សម្រេច ដាក់ រូប សំណាក ផ្ដិល ជំនួស ដើម ពោធិ៍ ដែល ត្រូវ ទៅ នឹង ឈ្មោះ ខេត្ត និង ប្រវត្តិ ទាក់ទង តាំង ពី ព្រេងនាយ នោះ ថា ការ ពិត គេ មិន ចង់ ដាក់ រូប សំណាក ដើម ពោធិ៍ ពីរ ឬ បី នោះ ទេ ខណៈ ដែល រូប សំណាក ដើម ពោធិ៍ ក៏ មាន មួយ ដើម ហើយ ដែរ នៅ ក្នុង បរិវេណ វត្ត ពោធិ៍ មាន បុណ្យ ឋិតនៅ ភូមិ តង្កៀបក្ដាម ឃុំ ស្នាមព្រះ ស្រុក បាកាន៕

Comments