ប្រវត្តិរឿង ព្រះ​នាង​ចេក ព្រះ​នាង​ចម

ព្រះ​នាង​ចេក ព្រះ​នាង​ចម​អាសនៈ ដែល​គេ​តម្កល់​រូបសំណាក​ព្រះ​នាង​ចេក ព្រះ​នាង​ចមសព្វថ្ងៃ ​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះបរមរាជវាំងនា​ឃុំ​ស្លក្រាម ស្រុក​សៀមរាប ខេត្តសៀមរាប​។ ជា​រៀងរាល់ថ្ងៃ ជាពិសេស​ថ្ងៃសីល មនុស្ស​ចាស់ ក្មេង ជិត​ឆ្ងាយ ទូទាំងព្រះរាជាណាចក្រកម្ពុជា រមែងតែ​ងតែមក​គោរព បូជា ព្រះនាងដោយមាន​ទៀនធូប ផ្កាម្លិះ ផ្កាឈូក និង​ស​ធម៌​ដូង​ជាដើម​។ 
​    ​ការបូជា​ព្រះ​នាង​ចេក ព្រះ​នាង​ចម មាន​សារសំខាន់​យ៉ាងដូចម្តេច ហើយ​មួយវិញទៀត​មាន​ប្រវត្តិ​យ៉ាងណាដែរ​?

​ដាប ឈួន មេ​ខ្មែរឥស្សរៈ ប្រគល់​អាវុធ​ចុះចូល​ជាមួយ​សម្តេច​នរោត្តម សីហនុ ក្នុង​ឆ្នាំ ១៩៥០


​    ​លោក​ឧ​ត្ត​ម​សេនីយ៍ នង ហៀ​ង  ដែល​បានទទួល​អនិច្ចកម្ម​ទៅហើយ បាន​ប្រាប់​យើង​នៅ​ឆ្នាំ​១៩៨៥ នា​ទីក្រុង​បាងកក ថា :
’​កាលសម័យ​លោក ដាប ឈួន ចូល​ស្រុក នៅ​ឆ្នាំ​១៩៥០ គេ​បាន​ដង្ហែ​ព្រះ​បដិមា​សំរិទ្ធ​ពីរ​ព្រះអង្គ ពី​ភ្នំ​គូលែន​ដើម្បី​ចូលកាន់​ទី​រួម​ខេត្តសៀមរាប​។ ព្រះពុទ្ធ​បដិមា​មួយ​ឈ្មោះថា នាង​ចេក និង​មួយទៀត​ឈ្មោះថា នាង​ចម​។ ដោយសារតែ​ខេត្តសៀមរាប គឺជា​ទឹកដី​របស់​នាង​ចេក នាង​ចម ទើប​គេ​ដង្ហែ​ចម្លាក់​ទាំងពី​នោះ​ទៅកាន់​ទី​រួម​ខេត្ត​នេះ​។ ព្រះ​បដិមា​នេះ​មាន​រូបរាង​ឆោម​ល្អ ស្ថិតក្នុង​ឥរិយាបថ​ឈរ ស្លៀកពាក់​ខោអាវ​លំអ​ដោយ​គ្រឿងអលង្ការ ហើយ​មាន​កំពស់​ប៉ុន​មនុស្ស​។ តាមពិតទៅ រូប​ទាំងពីរ​នោះ​ដែល​គេ​បាន​ដង្ហែ​មក​ទី​រួម​ខេត្តសៀមរាប គឺ​កូនចៅ​របស់​ដាប ឈួន​ទេ ដែល​បាន​រកឃើញ​ក្នុងព្រៃ​ជ្រៅ​នៅឯ​ទី​ភ្នំ​គូលែន​ ក្នុងពេលដែល​ពួកគេ​ធ្វើការ​បដិវត្តន៍​ប្រឆាំង​ទៅ​និង​រាជរដ្ឋាភិបាល​នា​ជំនាន់​នោះ ដោយមាន​ដាប ឈួនជា​មេក្លោង​។ 

ចម្លាក់​ពិត​របស់​នាង​ចេ​ក ដែលជា​ព្រះ ពុទ្ធរូប ធ្វើ​អំពី​លង្ហិន (​ម​.​ត ១៩៩៣)

​សូមបញ្ជាក់ថា ពី​អតីតកាល ក៏​ដូច​ប​ច្ចុ​ប្ប​ មូលហេតុ​នៃ​ការគោរព​បូជា ​ព្រះ​នាង​ចេក​ព្រះ​ចម​ ក៏​ដោយសារតែ​គេ​ជឿថា ព្រះ​នាង​ចេក និង​ព្រះ​នាង​ចម មាន​បារមី​ខ្ពស់​ខ្លាំងពូកែ អាចជួយ​មនុស្ស​គ្រប់រូប​ឲ្យ​បាន​ប្រកប​តាម​បំណង​ប៉ងប្រាថ្នា​។​
​    ​ជុំវិញ​ប្រវត្តិ​នៃរូបសំណាកនេះ លោក​មានប្រសាសន៍​បន្ថែ​ម​ទៀតថា ៖ ’​នា​សម័យ​មហា​អង្គរ មាន​ស្រីស្នំ​ម្នាក់​ឈ្មោះ​ចៅចម​។ ដោយសារតែ នាង​មា​នស​ម្ជ​ស្ស​កម្រ​នឹង​ជួបប្រទះ​ ទើប​ស្តេច​ខ្មែរ​បាន​យក​នាង​ធ្វើជា​ព្រះ​មហេសី​ទី​២ ក្នុង​ព្រះបរមរាជវាំង​នៅឯ​ទីក្រុង​អង្គរធំ​។ ចៅចម​មាន​ប្អូន​ម្នាក់​ឈ្មោះ​នាង​ចេ​ក ដែល​ព្រះ​នាង​ស្រឡាញ់​ស្មើនឹង​ជីវិត​របស់​នាង​។ ក្រោយពី​នាង​ចម​បានទទួល​មរណ​:​ភាព​ទៅ ដោយ​សេចក្តីស្រឡាញ់​អាណិតអាសូរ​ដល់​រូបនាង ព្រះមហាក្សត្រ​ទ្រង់​ក៏បាន​បញ្ជា​ឲ្យ​គេ​ឆ្លាក់​រូប​ព្រះ​នាង និង​ប្អូនថ្លៃ​ទុក​ជាទី​នឹករលឹក​។ ហើយ​ក្រោយមកទៀត ចម្លាក់​ទាំងពីរ​នោះ​ក៏​ក្លាយទៅជា​វត្ថុ​សក្តិ​សិទ្ធ​ទៅ រហូតដល់​ធ្លាក់​ក្នុង​ដៃ​រប​ស់ជន​ក្បត់(ដាប ឈួន)​ខាងលើ​”​។​
​លោក នង ហៀ​ង ដែលជា​អតីត​មេទ័ព​ខ្មែរឥស្សរៈ ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា : ’​មុនពេល​មាន​អាសន្ន​ម្តងៗ ព្រះ​នាង​ចេក ព្រះ​នាង​ចម តែងតែ​ប្រាប់​ដាប ឈួន​ថា ’​លោក​ឪៗ​! មាន​អាសន្ន​ហើយ មាន​អាសន្ន​ហើយ​។ ដូច្នេះ ជានិច្ចកាល ដាប ឈួន រមែងតែងតែ​រត់គេចខ្លួន​ផុតពី​គ្រោះថ្នាក់​។ ក៏ប៉ុន្តែ ថ្ងៃមួយ នាង​ចេក​នាង​ចម មិនបាន​ប្រាប់​ហេតុការណ៍​ជាមុន​ទាន់ ទើប ដាប ឈួន ខឹងសម្បារ​។ ដូច្នេះ គាត់​ក៏​កាត់​ម្រាមដៃ​មួយ​របស់​ព្រះពុទ្ធ​បដិមា​ខាងលើ មុននឹង​រត់​ចូល​ព្រៃ​បាត់ទៅ​។ ហើយ​មិនយូរប៉ុន្មាន ដាប ឈួន បាន​អស់លក្ខណ៍​ចុះចូល​”​។​
​ចំពោះ​យើង គ្មាន​មូលហេតុ​ជាក់ច្បាស់​ណាមួយ ដើម្បី​បង្ហាញ​បញ្ជាក់​នូវ​ប្រភព​អង្គរ​នៃ​ចម្លាក់​ទាំងពីរ​ដែលធ្វើអំពីស្ពាន់ នៅអាសនៈខាងលើ​នេះឡើយ​។ ព្រោះថា សព្វថ្ងៃនេះ យើង​គ្រាន់តែ​ឃើញ ចម្លាក់​សំ​រិ​ទ្ធិ​មួយអង្គ​តែប៉ុណ្ណោះ ដែលជាចម្លាក់បុរាណពិតៗ តម្កល់​នៅក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ ខេត្តសៀមរាប។ មួយវិញទៀតសោត ចម្លាក់នេះ​ឋិត​នៅក្នុង​រចនាប័ទ្ម​ក្រោយ​អង្គរ ពោលគឺ​រវាង​ស​.​វ​ទី ១៦-១៧ នៃ​គ​.​ស​តែប៉ុណ្ណោះ។ លោក អួ​ង វង អតីត​ប្រធាន​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ បាន​ហៅ​រូបសំណាក់​នេះ​ថា រូប​របស់​ព្រះ​នាង​ចេក​ទោះបីជារូបសំណាក់​នេះ ដែល​ស្ថិតក្នុង​ឥរិយាបថ​មុ​ទ្រៈ គឺជាចម្លាក់តំណាងឲ្យ​ព្រះ​ពុទ្ធអង្គ​ក្តី​។​
​    ​ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងគេ​នៅទីនេះ គឺ​ទាំង​អ្នកស្រុក ទាំង​ដាប​ឈួន ពួកគាត់​ជឿថា រូបនេះ​មាន​បារមី​កាន់​។ ម្យ៉ាងវិញទៀត គួរកត់សម្គាល់​ផងដែរ​ថា ពាក្យ​ចៅ​នៅទីនេះ ទំនងជា​ឈ្មោះ​របស់​បារមី ឬ​ព្រាយ ដែល​សណ្ឋិត​នៅក្នុង​ព្រះពុទ្ធ​បដិមា​ទាំងពីរ​ខាងលើនេះ​។​
​សូម​រំ​លឹក​បញ្ជាក់ថា ដូច​ទើប​ពោល​រូប​សំ​រិ​ទ្ធិ​មួយ​ក្នុងចំណោម​រូប​សំ​រិ​ទ្ធិ​ទាំងពីរ​នោះ ដែល​សព្វថ្ងៃ​ត្រូវបាន​រក្សាទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ នៅ​ទី​រួម​ខេត្តសៀមរាប មាន​កំពស់​ប្រមាណ​ត្រឹមតែ​ជាង ០​ម៉ែត្រ ៥០ តែប៉ុណ្ណោះ មិនមែន​មាន​ទំហំ​ប៉ុន​មនុស្ស​ចាស់​នោះទេ​។​
​   ករណី​នាង​ចេក​នាង​ចម ធ្វើ​ឲ្យ​យើង​គិត​ឃើញថា នៅ​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន រាល់​រូបសំណាក់​បែប​ពុទ្ធ​និយម ឬ​ព្រាហ្មណ៍​និយម ដែលមាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា គឺ​សុទ្ធសឹងតែ​ជាទី​ស្នាក់អាស្រ័យ​របស់​អា​រុក្ខ​អារក្សអ្នកតា​ព្រៃភ្នំ ឬ​វិញ្ញាណ​ក្ខន្ធ​របស់​បុព្វការី​ជន​ទាំងអស់ ដែល​បាន​ចែកស្ថាន​ទៅហើយ​បានក្លាយ​ទៅជា​វត្ថុ​សក្តិ​សិទ្ធ ព្រោះមាន​បារមី​កាន់​។ ហើយ​ជំនឿ​បែបនេះ គឺជា​កេរ្តិ៍ដំណែល​នៃ​ខឿនវប្បធម៌​អរូបី​យម​ន​-​ខ្មែរ​ ពោលគឺមិនមែនជាមរតកវប្បធម៌ឥណ្ឌាទេ។​

អាសនៈ​នាង​ចេក នាង​ចម សៀមរាប (​ម​.​ត ២០១០) និង រូបសំណាក់​នាង​ចេក នាង​ចម​


​    ថ្មីៗ​នេះ យើង​ក៏បាន​ដឹង​ទៀតថា នៅ​ឆ្នាំ ១៩៧៦ ពួក​ខ្មែរក្រហម​បាន​ដឹក​រូប​ទាំងពីរ​នេះ​ទៅ​បំផ្លាញចោល តែ​មិនបាន​សម្រេច​ដូច​បំណង ដោយសារ​តែម​ហិ​ទ្ធិ​រិ​ទ្ធ​របស់​នាង​ចេក​នាង​ចម​សណ្ឋិត​នៅក្នុង​រូប​ទាំងនោះ​។  ឃើញ​ហេតុការណ៍​អស្ចារ្យ​បែបនេះ​កើតឡើង ពួកគេ​ក៏​ដឹក​រូប​ទាំងពីរ​នោះ​ទៅ​ទម្លាក់ចោល​ក្នុង​ទឹក​។ ហើយ​បន្ទាប់មកទៀត ក្រោយពី​ឆ្នាំ ១៩៧៩ ត្រូវបាន​ស្រង់​ចេញពី​ទឹក ហើយ​តម្កល់ទុក​នៅ​វត្ត​ដំណាក់​នៅ​ខេត្តសៀមរាប មុននឹង​យកទៅ​ទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​។ ដោយសារតែ​ចម្លាក់​ពុទ្ធបដិមា​នេះ ប្រកបដោយ​បុណ្យ​បារមី ទើប​គេ​ចម្លង​ព្រះ​រូបនេះ ដើម្បី​ទុកជា​ទីសក្ការៈ​បូជា​រហូត​ដល់​សព្វថ្ងៃនេះ នៅក្នុង​អាសនៈ​ដ៏​ល្បីល្បាញ​ខាងលើ ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​នៅខាងមុខ​ព្រះបរមរាជវាំង នៅ​ទី​រួម​ខេត្តសៀមរាប​៕F
 (​ម​.​ត្រា​ណេ​)

Comments