សេចក្ដី​សង្ខេប​រឿង ​រាមកេរ្តិ៍​ខ្មែរ

ខ្សែ​ទី​១

ឥសី​ពិស្វាមិត្រ​បាន​រៀបចម​ហោម​ពិធី​ជា​កិត្តិយស​ដល់​សិស្ស​គឺ ព្រះរាម និង​ព្រះលក្សណ៍ ដែល​បាន​រៀប​ចេះ​ចប់​គម្ពីរវេទ ។

ថ្ងៃ​មួយ​មាន​យក្ស​កាឡា​ខ្លួន​ជា​ក្អែក​យ៉ាង​ធំ ឈ្មោះ​កាកណាសូរ មក​ឆាប​អាស្រម​ឥសី​ខ្ទេចខ្ទី​អស់ ។ ឥសី​ពិស្វាមិត្រ​ខឹង​យ៉ាងខ្លាំង​ហើយ​ក៏​ជប់​ធ្នូសរ​ឲ្យ​ព្រះរាម​បាញ់​ សម្លាប់​កាកណាសូរ ។ ក្រោយ​មក​ក៏​នាំ​ព្រះរាម និង​ព្រះលក្សណ៍​ចូល​រួម​ប្រឡង​លើក​ធ្នូសរ​ព្រះជនក​នៅ​នគរ​មិថិលា ដើម្បី​យក​នាង​សិតា​ ធ្វើ​ជា​មហេសី ។ ក្នុង​ឱកាស​នោះ មាន​បេក្ខជន​ចូលរួម​ជាច្រើន​ដែល​មក​ពី​ភព​ទាំង​បី សូម្បី​តែ​ព្រះឥសូរ​ក៏​មក​នឹង​គេ​ដែរ ក៏​ប៉ុន្តែ​គ្មាន​នរណា​លើក​ធ្នូសរ​រួច​ឡើយ គឺ​មាន​តែ​តួអង្គ​ព្រះរាម​មួយ​គត់​បាន​ទទួល​ជោគជ័យ​ដោយ​លើក​ធ្នូសរ​នោះ​ រួច ។

ពេល​នោះ​ព្រះជនក​រីករាយ​ណាស់​ផ្ដល់​ព័ត៌មាន​នេះ​ថ្វាយ​ទៅ​ព្រះបាទ​ទសរថ ដើម្បី​យាង​មក​ជា​អធិបតី​ក្នុង​ពិធី​រាជាភិសេក​រវាង​ព្រះរាម និង​នាង​សិតា ។ កាលបើ​ពិធី​អភិសេក​ចប់​សព្វ​គ្រប់​ហើយ ក៏​នាំ​ព្រះរាជបុត្រ និង​ព្រះរាជធិតា​សុណិសា​វិល​ត្រឡប់​ទៅ​កាន់​នគរ​អយុធ្យា​វិញ ។ ពាក់​កណ្ដាល​ផ្លូវ​ក៏​បាន​ជួប​នឹង​យក្ស​កំណាច​មួយ​ឈ្មោះ រាមាសូរ ។ យក្ស​នេះ​បាន​ចោទ​ប្រកាន់​ព្រះរាម​ថា លួច​យក​ឈ្មោះ​រាមបរមសូរ​មក​ដាក់​ធ្វើ​ជា​ឈ្មោះ​ខ្លួន ដូច្នេះ​ត្រូវ​តែ​មក​ក្រាប​បង្គំ​សុំ​ទោស​ទើប​រួច​ខ្លួន ។ ព្រះរាម​ក៏​ផ្ចាញ់​រាមាសូរ​ប្រកប​ដោយ​ជោគជ័យ​ទៀត ។

លុះ​មក​ដល់​នគរ​ ព្រះបិតា​នាម​ទសរថ​មាន​បំណង​លើក​ព្រះរាម​ជា​រាជបុត្រ​ច្បង​ឲ្យ​ឡើង​គ្រោង​រាជ្យ​តាម​ប្រពៃណី​នៃ​ត្រកូល​ក្សត្រ តែ​នាង​កៃកេសី​ជំទាស់​ដោយ​សំអាង​លើ​ពាក្យ​សច្ចៈ​ព្រះទសរថ​បាន​សន្យា​ថា​នឹង​ឲ្យ​បុត្រ​របស់​ព្រះនាង​ឈ្មោះ ភិរុត ឡើង ​គ្រង​រាជ្យ​វិញ នៅ​ពេល​ដែល​នាង​ជួយ​ព្រះអង្គ​ក្នុង​សង្គ្រាម​បាន​ឈ្នះ​ព្រះអាទិត្យ ។ ព្រះបាទ​ទសរថ​មាន​បំណង​ចែក​នគរ​ជា​២ ប៉ុន្តែ​ព្រះកៃកេសី​ពុំ​ព្រម ហើយ​ក៏​បណ្ដេញ​ព្រះរាម​ឲ្យ​ទៅ​នៅ​ព្រៃ​១៤​ឆ្នាំ​សឹម​មក​ សោយរាជ្យ​វិញ ។ ព្រះលក្សណ៍​ក្រេវក្រោធ​ចង់​ធ្វើ​ឃាដ​នាង​កៃកេសី តែ​ព្រះរាម​ឃាត់ ហើយ​បន្ទាប់​មក​ក៏​ស្ម័គ្រ​តាម​ដង្ហែ​ព្រះរាម និង​ទេពី​សិតា​ទៅ​នៅ​ក្នុង​ព្រៃ ។ ទាំង​បី​អង្គា​នាំ​គ្នា​ចាក​ចេញ​ពី​នគរ​អយុធ្យា​ទៅ​ដល់​កណ្ដាល​ព្រៃ​បាន​ជួប ​នឹង​កូខ័ន ជា​ស្ដេច​ព្រៃ​មាន​រូប​អាក្រក់​តែ​ចិត្ត​ល្អ​ជា ចេះ​ជួយ​រំលែក​ទុក្ខ​ពី​ព្រះរាម ហើយ​ព្រះអង្គ​ទុក​កូខ័ន​នេះ​ជា​បងប្អូន​បង្កើត តែ​មិន​ព្រម​ទទួល​យក​ការ​អារាធនា​ពី​កូខ័ន​ឲ្យ​នៅ​ទីនោះ​ជាមួយ ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ចិត្តកូត​ដើម្បី​បួស​ជា​ឥសី ។

ខ្សែ​ទី​២

ពេល ​ចេញ​ដំណើរ​ពី​កូខ័ន​ទៅ ព្រះរាម​បាន​ឃើញ​ព្រៃ​មួយ​កំពុង​ឆេះ​ដោយ​កម្ដៅ​ព្រះអាទិត្យ ។ ពេល​នោះ​ស្លឹក​ឈើ​ដែល​ខ្លោច ផ្កា​ឈើ​ដែ​ឆេះ​ក្រៀមក្រំ​ក៏​ស្រាប់​តែ​រីក​ស្រស់​ញញឹម​ឡើង​វិញ ចំណែក​ឯ​ព្រះអាទិត្យ​ដែល​កំពុង​តែ​បញ្ចេញ​កម្ដៅ​យ៉ាង​ខ្លាំង​ក៏​ស្រាប់​តែ​ បន្ថយ​កម្ដៅ​របស់​ខ្លួន ។ ព្រះរាម និង​ព្រះនាង​សិតា រួម​ទាំង​ព្រះលក្សណ៍​បាន​បន្ត​ទៅ​មុខ​ទៀត បាន​ជួប​នឹង​ឥសី​ពារទ្វឡ ហើយ​បាន​ចង្អុល​បង្ហាញ​ផ្លូវ​ទៅ​ភ្នំ​ចិត្តកូត ។

នៅ ​ជើង​ភ្នំ​នោះ​បរិយាកាស​បាន​ប្រែប្រួល​ដែល​សត្វ​សាហាវ​ប្រែ​ជា​សត្វ​ស្លូត កូន​ខ្លា​រត់​ទៅ​បៅ​មេ​ប្រើស កូន​ប្រើស​រត់​ទៅ​បៅ​មេ​ខ្លា​វិញ ។ ព្រះលក្សណ៍​បាន​ទទួល​ភារកិច្ច​សង់​អាស្រម​សម្រាប់​ស្នាក់​នៅ​ក្នុង​ព្រៃ​ ទាំង​បី​អង្គារ​នៅ​ទី​នោះ​ទៅ ។

ឯ​ក្រុង​អយុធ្យា​ឯ​នោះ​វិញ ព្រះបាទ​ទសរថ​ទ្រង់​សោយ​ទីវង្គត ។ ឥសី​វិសិដ្ឋ​មហាឫស្សី ជា​រាជបុរោហិត​ បាន​ធ្វើ​សារ​ទៅ​យាង​ព្រះភិរុត​ចូល​មក​នគរ​ជា​ប្រញាប់​ដើម្បី​ធ្វើ​ពិធី​លើក ​សព​សំស្ការ ។ នាង​កៃកេសី​លួច​ថ្លែង​សារ​នោះ​ថា ឲ្យ​ព្រះរាជបុត្រ​ត្រឡប់​មក​កាន់​នគរ​ដើម្បី​ចូល​រួម​រាជាអភិសេក​ ព្រះរាម ។ ព្រះភិរុត​ត្រក​អរ​ខ្លាំង​ក៏​ធ្វើ​ដំណើរ​មក​កាន់​នគរ​ភ្លាម ប៉ុន្តែ​ទ្រង់​ទត​ឃើញ​ព្រះនគរ​ស្ងាត់​ជ្រងំ ប្រជារាស្ត្រ​បោះបង់​មុខ​របរ​ទាំងអស់ ។ លុះ​ទ្រង់​ជ្រាប​រឿង​ពិត ព្រះភិរុត​ខ្ញាល់​យ៉ាង​ខ្លាំង ហើយ​មាន​បំណង​សម្លាប់​មាតា​កៃកេសី ក៏​ប៉ុន្តែ​ដោយ​សេចក្ដី​អង្វរ​របស់​ព្រះនាង និង​ព្រះនាង​កោសកល្យា អគ្គមហេសី​ព្រះបាទ​ទសរថ និយាយ​លួង​លោម​អំពី​ដំណើរ​ហេតុ​ផ្សេងៗ និង​ដំណើរ​ព្រះរាម​យាង​ទៅ​នៅ​ព្រៃ ។

បន្ទាប់​ពី​រៀប​បូជា​សព​ព្រះបាទ​ទសរថ​ហើយ ព្រះភិរុត ព្រះសុត្រុត មួយ​អន្លើ​ដោយ​ព្រះនាង​ជា​មាតា​ទាំង​បី​អង្គ កោសកល្យា កៃកេសី និង​នាង​សមុទ្រ ព្រម​ទាំង​កង​ទ័ព​បាន​លើក​តម្រង់​ទៅ​សុំ​យាង​ព្រះរាម​ចូល​មក​គ្រង​រាជ្យ​នៅ​ អយុធ្យា​វិញ ។ ក្បួន​ព្រះរាជដំណើរ​បាន​មក​ដល់​ជាយ​ដែន​ព្រៃ​របស់​កូខ័នៗ​បាន​ឃើញ​ព្រះភិរុត ​នាំ​ទ័ព​មក​សន្ធឹក​សន្ធាប់​យ៉ាង​នេះ នឹក​ស្មាន​ថា​តាម​មក​សម្លាប់​ព្រះរាម និង​ព្រះរាជ​ទេពី ក៏​ប្រុង​ជើង​ការណ៍ ចាត់​កង​សេនា​លប​ឈ្លប​យក​ព័ត៌មាន ។ បន្ទាប់​ពី​បាន​ដឹង​ការណ៍​ច្បាស់​ហើយ កូខ័ន​ក៏​ជួយ​សម្រួល​ព្រះរាជ​ដំណើរ​ឆ្ពោះ​ទៅ​ដល់​ភ្នំ​ចិត្តកូត​ដោយ​ សុវត្ថិភាព ។

ក្សត្រា​ ក្សត្រី​ទាំង​ប្រាំ​អង្គ​បាន​ជួប​ព្រះរាម ហើយ​សុំ​អង្វរ​ព្រះរាម តែ​ព្រះរាម​បដិសេធ​មិន​ព្រម ហើយ​ព្រះអង្គ​ទ្រង់​ប្រទាន​សុពណ៌​បាទ​ទុក​ឲ្យ​ព្រះភិរុត​នាំ​ត្រឡប់​ទៅ​ ក្រុង​អយុធ្យា​វិញ ។

ដោយ​ ឈ្វេង​យល់​ថា ព្រះអង្គ​គង់​នៅ​ភ្នំ​ចិត្តកូត​នេះ​នាំ​រំខាន​ពី​ព្រះរាជវង្ស ព្រះអង្គ​ក៏​សម្រេច​ព្រះទ័យ​នាំ​មហេសី និង​ព្រះអនុជ​ចូល​ទៅ​ព្រៃ​ជ្រៅ​ឆ្ងាយ​ទៅ​ទៀត ។ តាម​ផ្លូវ​ព្រះរាម​បាន​ជួប​នឹង​យក្ស​មួយ​ឈ្មោះ ពិរាធ មាន​ចិត្ត​កំណាច​ឃោរឃៅ គិត​ចូល​មក​ចាប់​ឆក់​យក​ព្រះនាង​សិតា ។

ខ្សែ​ទី​៣

ពិតដូច្នោះ​ហើយ ភិរាធ​ក៏​ស្ទុះ​ចូល​ទៅ​ឆក់​នាង​សិតា​យក​ទៅ ។ ព្រះលក្សណ៍​ធានា​ខ្លួន​ការពារ​យក​នាង​សិតា​មក​វិញ ក៏​ប៉ុន្តែ​ការ​ប្រយុទ្ធ​ឃើញ​ថា ទន់​ដៃ​ជាង​យក្ស ។ ព្រះរាម​ឃើញ​ដូច្នោះ ថ្លែង​សរ​សម្លាប់​យក្ស​ក្នុង​ពេល​នោះ​ទៅ​ហោង ។ ត​ទៅ​ទៀត​ក្សត្រី​ទាំង​បី​អង្គ​បាន​បន្ត​ដំណើរ​ដល់​ភ្នំ​កណ្ឌការណ្យពន​ ក៏​បួស​ជា​តាបស ។ ព្រះលក្សណ៍​ដឹង​អនុភាព​របស់​ខ្លួន​បថុជន​ក៏​សុំ​លា​ព្រះរាម​ទៅ​តាំង​សិល្ប៍​ រម្លឹក​អាគម​គាថា​ឡើង​វិញ​នៅ​នា​ទៀប​អាយ​អាស្រម​គ្នា ។

ពេល​នោះ​មាន​យក្ខនីយ៍​មួយ​ឈ្មោះ​នាង​សូបនខា ត្រូវ​ជា​ប្អូន​យក្ស​ក្រុងរាពណ៍​បាន​ឃើញ​ក្សត្រ​ទាំង​ពីរ​មាន​រូប​ឆោមលោម​ ពណ៌​គួរ​ឲ្យ​បេតី ក៏​កាឡា​ខ្លួន​ជា​ទេពអប្សរ​យ៉ាង​ស្រស់​ប្រិបម្រិយ​ចូល​ទៅ​ប្រលោម​លួង​លោម​ សុំ​សេចក្ដី​ស្នេហា​ពី​ព្រះរាម ។ តែ​ព្រះរាម​បាន​ប្រាប់​នាង​ឲ្យ​ទៅ​សុំ​ពី​ព្រះលក្សណ៍​វិញ ។ ព្រះលក្សណ៍​ដាច់​សិល្ប៍​ខ្ញាល់​នឹង​នាង​សូបនខា​មក​រុក​គួន​ក៏​ចាប់​ផ្ដួល​កោ ​សក់​កាត់​ដៃ ស្រែក​បណ្ដេញ​ចេញ​ទៅ ។ នាង​សូបនខា​ប្រែ​កាឡា​ជា​យក្ស​វិញ ហើយ​បាន​ស្រែក​ជម្ទាល​ឮ​សូរ​រហូត​ដល់​ក្រុងខរ​ជា​បង​របស់ ​នាង ។ ក្រុងខរ​ឮ​ហើយ ក៏​ជិះ​សេះ​តម្រង់​មក​ជួយ​សង្គ្រោះ ។ ដោយ​កំហឹង​ឆាប​ឆេះ​ជា​ខ្លាំង ក្រុងខរ​បញ្ជា​មេទ័ព​ម្នាក់​ឈ្មោះ​ខុនទូសណ៍​នាំ​នាង​យក​ទៅ​ចូល​នគរ​វិញ ហើយ​ក៏​លើក​ទ័ព​ចូល​ច្បាំង​នឹង​ព្រះរាម ។

ក្រុងខរ​បាន​បញ្ជា​ឲ្យ​ខុនទូសណ៍​ចូល​ច្បាំង​មុន​គេ បន្ទាប់​មក​ត្រីស្វិរៈ ទីបំផុត​ក្រុងខរ​ខ្លួន​ឯង​ចូល​ទៅ​ទៀត​តែ​ត្រូវ​សរ​ព្រះរាម​ស្លាប់​គ្មាន​សល់ ​ឡើយ ។ នាង​សូបនខា​ឃើញ​បង​ស្លាប់​អស់​ក្នុង​ការ​ប្រយុទ្ធ​ដូច្នោះ ក៏​ហោះ​សំដៅ​ទៅ​ក្រុង​លង្កា ញុះញង់​បងប្រុស​គឺ​ក្រុងរាពណ៍​ ឲ្យ​ចេញ​មក​សងសឹក ព្រម​ទាំង​ឲ្យ​ចាប់​នាង​សិតា​យក​មក​ធ្វើ​ជា​មហេសី​ផង ។ ក្រុងរាពណ៍​កាល​បើ​បាន​ជ្រាប​ដំណឹង​ពី​ប្អូន​ស្រី​ហើយ​ មាន​ចិត្ត​ឈឺ​ចាប់​ខ្លាំង​ពន់​ប្រមាណ ក៏​ហៅ​មហារីក​ជា​សេនា​ឲ្យ​កាឡា​ខ្លួន​ជា​ប្រើស​មាស​ចេញ​មក​បង្អួត​យ៉ាង​សង្ហា​ចំពោះ​មុខ​នាង​សិតា ។

កាល ​បើ​ឃើញ​ប្រើស​មាស​ភ្លាម នាង​សិតា​ក៏​បង្ខំ​ស្វាមី​ឲ្យ​ចេញ​ទៅ​តាម​ប្រហារ​ដើម្បី​យក​ស្បែក​ទុក​លម្អ​ នៅ​ពេល​យាង​ទៅ​គ្រប់គ្រង​រាជ្យ​វិញ ។ ព្រះរាម​ចេញ​ទៅ​តាម​ប្រើស​មាស ទុក​ព្រះលក្សណ៍​នៅ​ចាំ​អាស្រម​ការពារ​រាជទេពី ។ ប្រើស​មាស​ចេះ​តែ​រត់​ទៅៗ​រហូត​ដល់​ពេល​រសៀល​ទើប​ព្រះរាម​បាញ់​ត្រូវ​ប្រើសៗ ​ក៏​កាឡា​ខ្លួន​ជា​យក្ស ស្រែក​ដង្ហើយ​ហៅ​ព្រះលក្សណ៍​ឲ្យ​ចេញ​មក​ជួយ នាង​សិតា​ឮ​ហើយ​ក៏​បង្ខំ​ព្រះលក្សណ៍​ឲ្យ​ចេញ​មក​ជួយ​ព្រះស្វាមី ព្រះលក្សណ៍​ប្រកែក​ព្រះនាង​សិតា​បង្ខំ​ព្រះលក្សណ៍ៗ​ទ្រាំ​ពុំ​បាន​ក៏​ចាក​ ចេញ​ពី​អាស្រម​ទៅ​តាម​ព្រះរាម ។ ក្រុងរាពណ៍​បាន​ឱកាស​កាឡា​ខ្លួន​ជា​ឥសី​លួងលោម​ប្រលោម​នាង​សិតា ចុង​បំផុត​ក៏​ឆក់​នាង​សិតា​បាន​ហោះ​ទៅ​តាម​អាកាស​ចេញ​ទៅ ។

ខ្សែ​ទី​៤

ពេល​នោះ​មាន​សត្វ​គ្រុឌ​មួយ​ឈ្មោះ ជតាយុ ឃើញ​ក្រុងរាពណ៍​នាំ​នាង​សិតា​ហោះ​លើ​អាកាស​ក៏​ចេញ​មុខ​មក​ពាំង​បង្អាក់​ ដំណើរ​ក្រុងរាពណ៍​ដោយ​គំរាម​កំហែង​ឲ្យ​ក្រុងរាពណ៍​ដោះ​លែង​ព្រះនាង​សិតា​មក​ វិញ ។ ក្រុងរាពណ៍​មិន​ព្រម​ស្ដាប់​ក៏​កើត​មាន​ការ​ប្រយុទ្ធ​មួយ​យ៉ាង​ខ្លាំងក្លា ក្រុងរាពណ៍​ឆក់​ឱកាស​ដោះ​ចិញ្ចៀន​ពី​នាង​សិតា​ចោល​ទៅ​បាក់​ស្លាប​ជតាយុ​ ធ្លាក់​ទៅ​ដល់​ដី ។ នាង​សិតា​បាន​ផ្ដាំ​ផ្ញើ​នឹង​សត្វ​កុក​ឲ្យ​ថ្វាយ​ដំណឹង​នេះ​ដល់​ព្រះរាម​ជា​ ស្វាមី​ផង ។ បន្ទាប់​មក​ក្រុងរាពណ៍​បាន​នាំ​នាង​សិតា​ទៅ​ទុក​ក្នុង​សួន​អសោក​នៅ​ លង្កា ។ ចំណែក​ឯ​ព្រះរាម និង​ព្រះលក្សណ៍ ក្រោយ​ពី​បាញ់​ប្រើស​រួច ត្រឡប់​មក​អាស្រម​វិញ​រក​នាង​សិតា​មិន​ឃើញ ក៏​រូត​ដំណើរ​ចេញ​តាម​រក​នាង​សិតា ទាំង​ចិត្ត​ក្ដុកក្ដួល​ស្រក់​ជលនេត្រា​អាឡោះអាល័យ ស្រីស្ងួន​ភ្ញារ ក៏​បាន​ទៅ​ជួប​នឹង​ជតាយុ​ដែល​ប្រាប់​ដំណឹង​អំពី​រាពណ៍​ឆក់​យក​នាង​ សិតា ។ ដើម្បី​អរគុណ​ជតាយុ ព្រះរាម​ក៏​អធិដ្ឋាន​ឲ្យ​អាត្ម័ន​គេ​ទៅ​កើត​នៅ​ឋាន​សួគ៌ ។ ព្រះរាម​បាន​ជួប​នឹង​សត្វ​កុក​ដែល​បាន​យក​ដំណឹង​ពី​នាង​សិតា​មក​ប្រាប់​ ព្រះរាម​ដែរ ប៉ុន្តែ​ព្រះលក្សណ៍​បាន​ត្មេះតិះដៀល​កុកៗ​ក៏​ត្មេះតិះដៀល​តម​មក​វិញ ប៉ុន្តែ​ព្រះរាម ព្រះលក្សណ៍​គំរាម​កំហែង​រក​រឿង​ប្រហារ​សត្វ​កុក ។ បន្ទាប់​មក​ព្រះអង្គ​ទាំង​ពីរ​បាន​ជួប​នឹង​កុម្ព័ន្ធ​ដែល​មាន​បំណង​ចង់​សម្លាប់​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​សម្លាប់​យក្ស​ក្នុង​ពេល​នោះ​ទៅ ។

និយាយ​អំពី​ព្រៃហេមពាន្ត មាន​ស្ដេច​ក្របី​មួយ​ឈ្មោះ មហិង្សរាជ បាន​សម្លាប់​ក្របី​ឈ្មោល​ទាំង​អស់ ប្រមូល​ក្របី​ញី​ទាំង​អស់​ធ្វើ​ជា​ប្រពន្ធ ។ ម្យ៉ាងទៀត​មហិង្សរាជ​បាន​សម្លាប់​កូន​ខ្លួន​ចោល បើ​មេ​ក្របី​ណា​កើត​កូន​មក​ឈ្មោល ។ មាន​មេ​ក្របី​មួយ​ឈ្មោះ សន្តគីរី កាលបើ​មាន​គត៌​ហើយ​ក៏​គេច​ខ្លួន​ពី​ហ្វូង ហើយ​ប្រសូត​មក​បាន​កូន​ឈ្មោល​មួយ​ដាក់​ឈ្មោះ​ថា ទូភី ហើយ​មាន​បំណង​រក្សា​កូន​នោះ ហើយ​ក៏​ទូន្មាន​កូន​ឲ្យ​ហាត់​ប្រាណ​ដើម្បី​ឲ្យ​មាន​កម្លាំង​បរិបូណ៌​មុន​នឹង ​ទៅ​ជួប​ឪពុក ។ ទូភី​បាន​ប្រារព្ធ​តាម​ឱវាទ​ម្ដាយ ក៏​បាន​សម្រេច​ដូច​ប្រាថ្នា​ដោយ​មាន​កម្លាំង​រហូត​ដល់​ទៅ​វ័ធ​ដើម​ឈើ​ធំៗ​ ខ្ទេចខ្ទី​អស់ ហើយ​ក៏​ទៅ​ជួប​ឪពុក​អង្វរ​ឲ្យ​ទទួល​ស្គាល់​ខ្លួន​ជា​កូន ។ ប៉ុន្តែ​មហិង្សរាជ​មិន​យល់​ព្រម ការ​ប្រយុទ្ធ​ក៏​កើត​ឡើង​រវាង​ឪពុក​និង​កូន ទី​បំផុត​ក៏​ប្រហារ​ជីវិត​ឪពុក ហើយ​បន្ត​បេសកកម្ម​ឪពុក​បន្ត​ទៅ ។

តាំង​ពី​ពេល​នោះ​មក ទូភី​តែង​តែ​ដើរ​រក​រឿង​រាតត្បាត​គេ​ឯង​ដូចជា​រក​រឿង​ឥសី​បញ្ចលិង្គ នាង​ទេពធីតា​រក្សា​សមុទ្ទ ព្រៃហេមពាន្ត ព្រម​ទាំង​ទីបំផុត​ក៏​ទៅ​រក​រឿង​ពាលី​ដែល​ជា​ស្ដេច​ស្វា​សោយ​រាជ្យ​នៅ​ខាស់ខិនបូរី ។ ពាលី​ដោយ​ចៀស​វាង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ទូភី​មិន​បាន​ក៏​ហៅ​សូគ្រីព​ ជា​ប្អូន​មក​ផ្ដាំ ។ ការ​ប្រយុទ្ធ​នៅ​ខាង​ក្រៅ​៧​យប់​៧​ថ្ងៃ​មិន​ចាញ់​ឈ្នះ ហើយ​នាំ​គ្នា​ទៅ​ប្រកួត​ក្នុង​គុហារ​មួយ ។ ការ​ប្រកួត​គ្នា​នៅ​ក្នុង​គុហារ​នេះ ពាលី​ក៏​ប្រហារ​ទូភី​នឹង​ព្រះខ័ន​ឈាម​ទូភី​ហូរ​ចេញ​មក​តាម​រូង​គុហារ​លាយ​ នឹង​ទឹកភ្លៀង​ដែល​ទេព្ដា​ប្រោស​ព្រហ្ម​មក​នោះ សូគ្រីព​ដែល​យាម​នៅ​មាត់​រូង​ច្រឡំ​ស្មាន​ថា​ឈាម​បង​ក៏​សន្ធប់​ថ្ម​បិទ​រូង​ គុហារ​នោះ​ទៅ ក៏​វិល​ត្រឡប់​ទៅ​ក្នុង​នគរ​វិញ ដោយ​នាំ​យក​ដំណឹង​នេះ​ទៅ​ផង ។ មន្ត្រី​យោធា​អ្នក​នគរ​ខាស់ខិនបូរី​ក៏​លើក​សូគ្រីព​ឲ្យ​ឡើង​គ្រងរាជ្យ​ស្នង​ ក្រុងពាលី ។

ក្រោយ​មក​ ពាលី​ចេញ​ផុត​ពី​រូង រួច​ពី​ស្លាប់ ក៏​ខឹង​នឹង​សូគ្រីព​យ៉ាង​ខ្លាំង​ក៏​វាយ​ធ្វើ​បាប​ទះតប់​ក្បាល​មួយ​ដៃ សូគ្រីព​រត់​ចេញ​ពី​ទី​នោះ​ទៅ​ជ្រក​នៅ​ភ្នំ​មគង្គបព៌ត​ដែល​ឋាន​មណ្ឌល​របស់​មគង្គ​ឥសី ។ ពាលី​មិន​អាច​ចូល​ទៅ​កាន់​ទីនោះ​បាន​ទេ​ពីព្រោះ​ត្រូវ​បណ្ដាសា​តាឥសី ។ សូគ្រីព​ឈឺ​ចិត្ត​យំ​សោក​អាចម៍​ភ្នែក​គរ​ជា​ភ្នំ​ជិត​ ទឹក​ភ្នែក​ហូរ​ជា​ស្ទឹង ។

ខ្សែ​ទី​៥

ការ ​ធ្វើ​ដំណើរ​ត្រាច់​ចរ​ទៅ​រក​នាង​សិតា ព្រះរាម​ ព្រះលក្សណ៍​អស់​កម្លាំង​ក៏​ចូល​ទៅ​សម្រាក​ក្រោម​ដើម​ស្វាយ ។ ព្រះរាម​ផ្ទំ​នៅ​លើ​ភ្លៅ​ព្រះលក្សណ៍ ។ ពេល​នោះ​ព្រះអាទិត្យ​នៅ​នឹង​ថ្កល់ ម្លប់​ដើម​ស្វាយ និង​ព្រៃ​ឈើ​ទាំង​ឡាយ​ពុំ​មាន​ជ្រេ​សោះ ។ សូគ្រីព​សង្ស័យ​ថា មាន​អ្នក​មាន​បុណ្យ ក៏​ប្រើ​ហនុមាន​ឲ្យ​តាម​រក​មើល ។ ហនុមាន​បាន​ឡើង​លើ​ដើម​ស្វាយ គយ​គន់​រក​មើល​ឃើញ​លាយ​លក្ខណ៍​កងចក្រ​ នៅ​នឹង​ព្រះហស្ថ​ទាំង​សង​ខាង​របស់​ព្រះរាម ទើប​ហនុមាន​បើក​ស្លឹក​ស្វាយ ស្លុតី​ព្រះរាម ឯ​ព្រះលក្សណ៍​ខ្លាច​ព្រះរាម​ភ្ញាក់​ក៏​ទាញ​ធ្នូ​សរ​បាញ់​ ហនុមាន​ចាប់​សរ​ព្រះលក្សណ៍​ជាប់ ឃើញ​ដូច្នោះ​ព្រះលក្សណ៍​ក៏​ឆក់​យក​ធ្នូ​សរ​ព្រះរាម​មក​បាញ់​ទៀត ទទួល​ព្រះរាម​ក៏​ភ្ញាក់​ឡើង ក៏​សួរ​រក​រឿង​ហេតុ ។ ព្រះរាម​បាន​ទត​ឃើញ​ស្វា​នោះ​ប្លែក​ពី​ស្វា​ដទៃ​ទៀត ព្រោះ​មាន​កុណ្ឌល​ពាក់​នៅ​ត្រចៀក ។ ហនុមាន​ក៏​ចុះ​ពី​លើ​ដើម​ស្វាយ​មក​ដោយ​ជឿជាក់​ថា​ជា​អ្នក​មាន​បុណ្យ​ក៏​ ថ្វាយ​បង្គំ ហើយ​បាន​ហា​មាត់​បញ្ចេញ​រស្មី​ព្រះអាទិត្យ​៧​ពណ៌​ ដែល​នៅ​ក្នុង​មាត់ ក៏​ថ្វាយ​ខ្លួន​សុំ​ធ្វើ​ជា​សេនា រួច​ក៏​និយាយ​ពី​ឈ្មោះ​របស់​ខ្លួន និង​រឿងរ៉ាវ​របស់​សូគ្រីព​ជា​មា​ដែល​ឈ្លោះ​គ្នា​ជាមួយ​ពាលី​ដែល​ជា​ឪពុក​ ធំ ។

ក្រោយ​មក​ព្រះលក្សណ៍​ក៏​បាន​ចេញ ​ទៅ​រក​ដង​ទឹក​ថ្វាយ​ព្រះរាម ។ សង្ស័យ​នឹង​រស​ជាតិ​ទឹក​នោះ​ប្រៃ​ក៏​ប្រើ​ព្រះលក្សណ៍​ឲ្យ​ដើរ​រក​ប្រភព​ទឹក​ នេះ ។ ព្រះលក្សណ៍​ក៏​សំដៅ​ទៅ​កន្លែង​ដែល​ព្រះអង្គ​ដង​ទឹក និង​ឮ​សូរ​សំឡេង​យំ​មួយ​នៅ​នា​ភ្នំ ក៏​យក​ដង​ធ្នូ​សរ​ឆ្កិះ​ភ្នំ​នោះ​របើក​ឃើញ​សូគ្រីព ។ ព្រះលក្សណ៍​បាន​នាំ​សូគ្រីព​មក​ថ្វាយ​ព្រះរាម ។ ព្រះរាម​បាន​ធានា​នឹង​សូគ្រីព​ថា​នឹង​យក​នគរ​ខាស់ខិនបូរី ព្រមទាំង​ព្រះនាង​ដារាទេពី​ប្រទាន​ដល់​សូគ្រីព ។ រីឯ​សូគ្រីព​ក៏​ថ្វាយ​ខ្លួន​ធ្វើ​ជា​សេនា និង​កេណ្ឌ​ពល​ស្វា​ជួយ​ព្រះរាម​វិញ ។ សូគ្រីព​ក៏​នាំ​ព្រះរាម​ទៅ​កន្លែង​ពាលី និង​ទូភី​ច្បាំង​គ្នា ។ ព្រះរាម​ក៏​ថ្លែង​សរ​អគ្គី វាស​ឆេះ​ខ្មោច​ទូភី​ទៅ​ជា​ផេះ រួច​ព្រះអង្គ​ថ្លែង​សរ​ភិរុណ​វាស​រំលត់​ភ្លើង ហើយ​ថ្លែង​សរ​ពាយុ​វាស​ប្រមូល​ធាតុ​សេសសល់​ចោល​ទៅ​ក្នុង​មហាសាគរ ។ បន្ទាប់​មក​ព្រះរាម​ក៏​យក​សរ​ព្រហ្ម​មាស​បាញ់​កម្ទេច​ដើម​សប្តតាល​ដែល​ដុះ​ លើ​ខ្នង​នាគ​តាំង​ពី​កំណើត​ផែន​ដី​មក​ម៉្លេះ​នោះ​ចោល​ទៅ ។

ព្រះរាម​បាន​ប្រើ​សូគ្រីព​ឲ្យ​ទៅ​បញ្ឆោត​ពាលី​ចេញ​ច្បាំង​ដើម្បី​ព្រះរាម​បាញ់​ពាលី ។ លើក​ទី​១ ព្រះរាម​បាញ់​ពាលី​មិន​បាន ដោយ​ខ្លាច​ច្រឡំ​ពីព្រោះ​ស្វា​ទាំង​ពីរ​ដូច​គ្នា ។ ព្រះលក្សណ៍​ក៏​យក​កម្រង​ផ្កា​បំពាក់​ឲ្យ​សូគ្រីព ។ លុះ​ច្បាំង​លើក​ទី​២ ទើប​ព្រះរាម​លើក​ធ្នូ​សរ​បាញ់​ពាលី​បាន ក៏​ប៉ុន្តែ​មន្ត​សរ​នោះ​ត្រូវ​ដល់​ខ្លួន​ពាលីៗ​ក៏​ចាប់​សរ​នោះ​ជាប់ ហើយ​ងាក​ទៅ​ត្មេះ​តិះដៀល​ឲ្យ​ព្រះរាម​ជា​ច្រើន ។ ព្រះរាម​ឲ្យ​ពាលី​សុំ​ជីវិត តែ​ពាលី​សុខ​ចិត្ត​ស្លាប់ គ្រាន់​តែ​ផ្ដាំ​ឲ្យ​ព្រះរាម​ជួយ​យក​អាសារ​អង្គត និង​សូគ្រីព​តែ​ប៉ុណ្ណោះ រួច​ក៏​លែង​ផ្លែ​សរ​បុក​ត្រូវ​ស្លាប់​ទៅ ។ រី​ព្រះនាង​ទេពីដារា ជា​មហេសី យំសោក​បោក​ខ្លួន​ ស្ដាយ​ស្រណោះ​អាឡោះ​អាល័យ​ស្វាមី លុះត្រា​តែ​ក្ដៅ​ក្រហាយ​ដល់​ព្រះឥន្ទ្រ ក៏​នាំ​អាត្ម័ន​ពាលី​ទៅ​ចាប់​កំណើត​នៅ​ឋានសួគ៌ ។

លុះ ​បាន​សម្រេច​តាម​គោលបំណង​ហើយ សូគ្រីព​កេណ្ឌ​ទ័ព​ស្វា​មិន​បាន​ទាន់​ពេល​វេលា​ទេ ។ ព្រះរាម​ក៏​ប្រើ​ព្រះលក្សណ៍​ឲ្យ​ទៅ​តឿន​សូគ្រីព​ដោយ​គំរាម​កំហែង​ថា​នឹង​ កម្ទេច​ខាស់ខិនបូរី​ចោល ។

ខ្សែ​ទី​៦

សូគ្រីព ​ភ័យ​ក៏​ហោះ​ទៅ​នគរ​ហនុមាន​នៅ​ឯ​កន្ទលីវ័ន​បញ្ឆោត​ឲ្យ​ហនុមាន​កាឡា​ខ្លួន​ជា ​កូន​ស្វា​តូច​ប៉ុន​ម្រាមដៃ សូគ្រីព​ដាក់​ហនុមាន​នឹង​ថង់​សំពត់​ទៅ​គាល់​ព្រះរាម ។ មុន​ដំបូង​ព្រះរាម​អស់​សង្ឃឹម​នៅ​រង់ចាំ​រហូត​ដល់​កូន​ស្វា​នោះ​ធំ ។ ហនុមាន​ក៏​សម្ដែងឫទ្ធិ​កាឡា​ខ្លួន​ជា​មហាពានរ​ហា​មាត់​ស្ងាប​បញ្ចេញ​ពន្លឺ​ ព្រះអាទិត្យ​១២​ពណ៌ ។ មិន​បង្អស់​ឲ្យ​យូរ​ការ សូគ្រីព​ត្រឡប់​ទៅ​កេណ្ឌពល​ស្វា​ថ្វាយ​ព្រះរាម តាំង​អង្គត​ឲ្យ​ជា​ខុនពល​ហ្លួង ហនុមាន​ឲ្យ​នៅ​នែបនិត​នឹង​ព្រះរាម ព្រះលក្សណ៍ ។

កាល​បើ​កេណ្ឌ​ទ័ព​ស្វា​ បាន​ច្រើន​មក​ជួប​ជុំ​គ្នា​ហើយ ព្រះរាម​ត្រាស់​បញ្ជា​ឲ្យ​សូគ្រីព​ជ្រើស​រើស​អ្នក​ខ្លាំង​ពូកែ​ម្នាក់​ទៅ​ ស៊ើបការ​នៅ​ក្រុង​លង្កា ។ សូគ្រីព​បាន​ឆ្លើយ​ថា​ខ្លួន​ទៅ​លង្កា​បាន​តែ​ត្រឡប់​មក​វិញ​ឆាប់​រហ័ស​មិន​ បាន ពីព្រោះ​ខ្លួន​ចាស់​ហើយ ។ ខុននន្ទ​ឆ្លើយ​ថា​ទៅ​ត្រឡប់​មក​វិញ​បាន​ តែ​ខ្លាច​នាង​វិតាសី ជា​ប្អូន​រាពណ៍ យាម​ទ្វារ​លង្កា​ហា​មាត់ បបេរ​មាត់​ក្រោម​ដល់​បាតាល ខាងលើ​ដល់​មេឃ អ្នក​ណា​មួយ​ទៅ​លង្កា​វង្វេង​ស្លាប់​ក្នុង​នោះ នាង​វិតា​សី ដូច្នេះ​មាន​តែ​ហនុមាន​ទេ​ដែល​ទៅ​បាន ។ មុន​នឹង​ធ្វើ​ដំណើរ​ទៅ ហនុមាន​បាន​ស្នើ​សុំ​ចិញ្ចៀន​ទម្រង់​ព្រះរាម​ដើម្បី​ឲ្យ​នាង​សិតា​ជឿ​ជាក់​ ថា​ខ្លួន​ជា​សេនា​ព្រះរាម ។

បន្ទាប់​ពី​បាន​ទទួល​ព្រះទម្រង់​ពី​ព្រះរាម ហនុមាន​ហោះ​ចេញ​ទៅ​ក៏​បាន​ជួប​នឹង​សិង្ហអសុរា ហើយ​ក៏​សម្លាប់​យក្ស​នោះ​ចោល​ទៅ ។ សប្តតា​នាគរាជ​ចេញ ​មក​ជំទាស់​ ហនុមាន​ក៏​ចាប់​នាគ​នោះ​គ្រវាត់​ចោល​ទៅ​មហាសមុទ្រ ហើយ​ក៏​ហោះ​ទៅ​ជ្រោះ​ហួស​លង្កា​ដល់​អាស្រម​ឥសី​មួយ​អង្គ ។ ឥសី​ក៏​ប្រទាន​បាយ​បី​ពំនូត ហនុមាន​នឹក​តូច​ចិត្ត កំពុង​ឃ្លាន​ខ្លាច​ស៊ី​បាយ​មិន​ឆ្អែត ប៉ុន្តែ​បែរ​ជា​ស៊ី​បាយ​មិន​អស់​ទៅ​វិញ ក៏​មាន​កម្លាំង​ចាប់​ហោះ​ឆ្ពោះ​ទៅ​លង្កា​វិញ ។ ដល់​កំពែង​ក្រៅ​លង្កា​ហើយ ក៏​និម្មិត​ខ្លួន​ឲ្យ​តូច ធ្វើ​មិន​ឲ្យ​យក្ស​យាម​ទ្វារ​នោះ​ដឹង​ក៏​បោះ​ព្រះទម្រង់​ទៅ​លើ​អាកាស ក៏​ហោះ​ចូល​ទៅ​ក្នុង​មាត់​យក្ស​ចេញ​តាម​រន្ធ​ត្រចៀក​មក​ក្រៅ​ចាប់​យក​ ចិញ្ចៀន​នោះ​មក​វិញ ។ ត​មក​ហនុមាន​បាន​ឆ្លង​កាត់​កំពែង​ដែក ជួប​នឹង​យក្ស​ឈ្មោះ​កាមពាលី ក្មួយ​រាពណ៍ កំពែង​សំរិទ្ធិ បាន​ជួប​នឹង​យក្ស​មួយ​ទៀត​ឈ្មោះ​អតិកាយ​ មេទ័ព​រាពណ៍​កំពុង​រៀប​ពលសេនា​យោធា កំពែង​ទង់ដែង​ឃើញ​យក្ស​ឈ្មោះ​មហាកាយ កំពុង​រៀប​យុទ្ធភ័ណ្ឌ នៅ​ទ្វារ​ទិស​ឧត្ដរ បាន​ឃើញ​ឥន្ទ្រជិត​ ជា​កូន​ច្បង​របស់​រាពណ៍ ទិស​ទក្សិណ បាន​ឃើញ​កុម្ភការណ៍ ទិស​បស្ចិម បាន​ឃើញ​សហស្សកុមារ អ្នក​រក្សា​ឧទ្យាន ។ ហនុមាន​ចូល​ទៅ​ដល់​ឃ្លាំង​ទី​១២ កន្លង​កំពែង​មាស ចូល​ទៅ​ដល់​ប្រាសាទ​កែវ បាន​ជួប​ក្រុងទសមុខ​កំពុង​ផ្ទំ​ជាមួយ​នាង​មណ្ឌោលគីរី ។ ហនុមាន​ច្រឡំ​ស្មាន​ថា​ជា​នាង​សិតា លើក​ព្រះខ័ន​ប្រុង​ប្រុង​ប្រហារ​ទសកណ្ឌ ក៏​ប៉ុន្តែ​ដោយ​សង្កេត​យល់​ថា ជា​ប្រពន្ធ​រាពណ៍​វិញ​ទេ ហនុមាន​ក៏​ទម្លាក់​ព្រះខ័ន​ចុះ សែក​ទិព្វមន្ត​ឧប្បទេស​ចង​សក់​ក្រុងរាពណ៍​ជាប់​នឹង​នាង​មណ្ឌោលគីរី ហើយ​សរសេរ​នៅ​លើ​ទ្វារ​ថា បើ​ចង់​ស្រាយ​ចំណង​រួច​ត្រូវ​ឲ្យ​នាង​មណ្ឌោគីរី​វាយ​ក្បាល​ក្រុង​រាពណ៍​បី​ ដង ។ ហនុមាន​រក​នាង​សិតា​មិន​ឃើញ​សោះ​ក៏​ទៅ​លាក់​ខ្លួន​ក្បែរ​ពួក​ស្រីស្នំ ក៏​ឮ​ស្រីៗ​ទាំង​នោះ​និយាយ​គ្នា ទើប​ដឹង​ការណ៍​ទាំង​អស់​នោះ ។

ក្នុង ​រាត្រី​នោះ នាង​សិតា​យល់សប្ត​ឃើញ​ព្រះរាម​គង់​លើ​ដំរី​ស​យាង​ចូល​មក​កម្ទេច​កំពែង​លង្កា ​បាក់​បែក​អស់ ។ នាង​បាន​ប្រាប់​សុបិន​នេះ​ដល់​នាង​សុជាតា ជា​ប្រពន្ធ​ពិភេគហោរា ។

ត ​មក​ទើប​ហនុមាន​រក​កន្លែង​របស់​នាង​សិតា​ឃើញ ។ ហនុមាន​បាន​ចូល​ថ្វាយ​បង្គំ​ព្រះនាង​សិតា នាង​ពុំ​ជឿ ។ ហនុមាន​ក៏​បាន​ថ្វាយ​ព្រះទម្រង់​ទត​ជា​ភស្តុតាង ។ នាង​សិតា​បូត​ទម្រង់​របស់​នាង​ប្រទាន​ទៅ​ហនុមាន ហើយ​នាង​ផ្ដែផ្ដាំ​ទៅ​ព្រះស្វាមី​ថា នាង​នៅ​តែ​ស្មោះត្រង់​ជានិច្ច​នាង​រង់ចាំ​ដល់​១០​ខែ បើ​មិន​យល់​ព្រះភក្ត្រ​ព្រះរាម​ទេ​នោះ នាង​នឹង​ក្ស័យ​ជីវិត​នៅ​ក្រុង​លង្កា​នេះ ។

ក្រោយ ​ពី​លា​នាង​សិតា​ចេញ​មក ហនុមាន​ក៏​លោត​ផ្លោះ​បេះ​បំផ្លាញ​អស់​ផ្លែ​ឈើ​ទាំង​ឡាយ​ក្នុង​ឧទ្យាន ។ សេនាយក្ស​ផ្អើល ហនុមាន​ធាក់​ពល​យក្ស​ស្លាប់​ដួល​គរ​លើ​គ្នា ។ ព្រះនាង​សិតា​ចេញ​ទៅ​ឃាត់​ក៏​ពុំ​ស្ដាប់ ។

សហកុមារ ជា​កូន​រាពណ៍ ចេញ​មក​តាម​ចាប់ ប៉ុន្តែ​ហនុមាន​ទាញ​រារថ​បំបាក់​ខ្ទេច រួច​ក៏​សម្លាប់​សហកុមារ និង​ពល​យក្ស​អស់​ជាច្រើន ។

ក្រុងរាពណ៍ ​ខឹង​ណាស់​ ក៏​ចាត់​ឥន្ទ្រជិត និង​អតិកាយ​ឲ្យ​ចេញ​ទៅ​ចាប់​ទៀត អតិកាយ​ក្រឡា​ខ្លួន​យ់ាងធំ ប៉ុន្តែ​ត្រូវ​ហនុមាន​លោត​ទៅ​ធាក់​ដួល​ត្មោល​ទាំង​ជំហរ ។ ឥន្ទ្រជិត​ទ្រាំ​មិន​បាន​ក៏​ថ្លែង​សរ​ជា​នាគ​ចាប់​ហនុមាន​បាន​ដូច​ ប្រាថ្នា ។ ក្រុងរាពណ៍​ប្រើ​ឲ្យ​ពេជ្ឈឃាដ​ចាប់​យក​ហនុមាន​ទៅ​វាយ ក៏​ប៉ុន្តែ​ពុំ​ស្កៀប​ហនុមាន​សោះ ។ ហនុមាន​ប្រាប់​ថា បើ​ចង់​ឲ្យ​ខ្លួន​ស្លាប់ ត្រូវ​យក​សំពត់​ជ្រលក់​ប្រេង​មក​រុំ​ជុំវិញ​មួយ​សែន​ជុំ រួច​យក​ភ្លើង​ដុត ។ រាពណ៍​ធ្វើ​តាម​ដោយ​រុំ​ខ្លួន​ហនុមាន​ពុំ​ជិត​សោះ រាពណ៍​ខឹង​ណាស់​ក៏​ឆក់​ភើច​យក​ស្បៃ​រុំ​កាយ​នាង​មណ្ឌោលគីរី​ទាំង​កំហឹង បណ្ដាល​ឲ្យ​នាង​មណ្ឌោលគីរី​លេច​កេរ្តិ៍ខ្មាស​កណ្ដាល​វាល ។ កំណាព្យ​ស្មូត​របស់​តា​មី​ចក់ «ស្បៃ​ស្ដើង​ប៉ើង​ចេញ​ស្មា ដួង​ដោះ​នោះ​ណា​ទំនេរ​នៅ …. ហនុមាន​ទៀងទត​មើល​ទៅ​ គួរ​ឲ្យ​ចាប់​ចិត្ត​ស្និទ្ធ​ស្នេហា» ។

នៅ​ពេល​ដុត​នេះ ហនុមាន​ក៏​ស្ទុះ​ហោះ ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​មក​ឆេះ​ក្រុង​លង្កា​ខ្ទេចខ្ទី​អស់ ។

ខ្សែ​ទី​៧

ព្រះរាម ​ ព្រះលក្សណ៍​គង់​នៅ​ភ្នំ​គន្ធមាទន៍ លុះដឹង​ដំណឹង​អំពី​សកម្មភាព​ដុត​លង្កា​ឆេះ​ខ្ទេច​ខ្ទី​អស់ ទ្រង់​ត្រេក​អរ​ណាស់​បាន​ប្រទាន​រង្វាន់​ដល់​ហនុមាន ។ ពេល​នោះ​ព្រះអង្គ​បាន​ពិគ្រោះ​នឹង​សូគ្រីព​ដើម្បី​ស្វែង​រក​សម្ព័ន្ធ​មិត្ត​ មក​ជួយ​ព្រះអង្គ​ថែម​ទៀត ។ សូគ្រីព​ក៏​បាន​ទូល​ថ្វាយ​ថា​មាន​ស្ដេច​ស្វា​មួយ​ពូកែ​ណាស់​ឈ្មោះ មហាជម្ពូ សោយរាជ្យ​នៅ​ហេមពាន្ត​ដែល​មាន​សេនា​២​រូប​គឺ ខុននិល ខុននល ជា​ដៃ​ឆ្វេង​ដៃ​ស្ដាំ​ដ៏​ស័ក្តិសិទ្ធិ ។

ព្រះរាម ​ក៏​បញ្ជា​ហនុមាន និង​អង្គត​ទៅ​សុំ​ចង​ស្ពាន​មេត្រី​នឹង​មហាជម្ពូ ។ ហនុមាន និង​អ្គត​បាន​ទោ​ដល់​ក៏​ថ្លែង​ថា ព្រះរាម​ទ្រង់​ត្រាស់​ឲ្យ​ព្រះអង្គ​ទៅ​គាល់​ឥឡូវ​នេះ ឮ​ដូច្នេះ​ក៏​ខឹង​បញ្ជា​ឲ្យ​ពេជ្ឈ​ឃាដ​ចាប់​ចង​ហនុមាន និង​អង្គត​បញ្ចូល​ទ្រុង​ដែក ។ លុះ​ដល់​ពេល​យប់​ហនុមាន​សណ្ដំ​ទ័ព​ស្វា​ទាំងអស់​នោះ ហើយ​ក៏​កាត់​សោ​ចេញ​ពី​ទ្រុង ។ ហនុមាន​ឡើង​កាច់​កំពូល​ប្រាសាទ រួច​លើក​ស្ទួយ​ទាំង​ក្រឡា​បន្ទំ​របស់​មហាជម្ពូ​នាំ​យក​មក​ថ្វាយ​ ព្រះរាម ។

សូគ្រីព​ឃើញ​ហើយ​ក៏​ចូល​ទៅ ​ទូល​ព្រះរាម​ថា មហាជម្ពូ​មិន​ងាយ​ចុះចាញ់​ទេ ទាល់​តែ​ទៅ​សុំ​កាឡា​ព្រះ​នារាយណ៍​ពី​ព្រះឥសូរ​មក​ជំនួស ។ ព្រះលក្សណ៍​ប្រើ​ព្រះពាយ​ទៅ​សុំ​កាឡា​ព្រះនារាយណ៍​យក​មក​បាន​ដូច​ បំណង ។ ក្រុង​មហាជម្ពូ​តើន​ឡើង​ងាក​មើល​ឆ្វេង​ស្ដាំ​ទើប​កើន​កំហឹង ។ ប៉ុន្តែ​លុះ​ឮ​ត្រៃស័ង្ខ​ក៏​ងាក​ទៅ​ឃើញ​ព្រះនារាយណ៍​ មហាជម្ពូ​ក៏​ភិតភ័យ​ក៏​ថ្វាយ​បង្គំ​សុំ​ចាញ់​ព្រះរាម ។ ព្រះរាម​ត្រាស់​នឹង​មហាជម្ពូ​សុំ​ជួយ​សង់​ស្ពាន​ឆ្លង​សមុទ្រ​ទៅ​ក្រុង​ លង្កា ។ មហាជម្ពូ​ព្រម​ថ្វាយ​ខុននិល ខុននល​ជា​តំណាង ព្រោះ​ខ្លួន​ចាស់​ហើយ​សុំ​វិល​ទៅ​នគរ​វិញ ។

លុះ ​បាន​ទ័ព​ជំនួយ​ពី​មហាជម្ពូ​ហើយ ព្រះរាម​បញ្ជា​ឲ្យ​សង់​ស្ពាន​កាត់​សមុទ្រ ។ ព្រះសមុទ្រ​ខឹង​ក៏​កេណ្ឌ​ទ័ព​មច្ឆា នាគ ជញ្ជូន​យក​ថ្ម​អស់ ។ ឃើញ​ដូច្នោះ ព្រះរាម​ក៏​ត្រាស់​ប្រជុំ​អស់​ពល​សេនា​សួរ​រក​អ្នក​មាន​ថ្វី​ដៃ ។ សូគ្រីព​ធានា​កាឡា​ខ្លួន​ឲ្យ​ធំ​ប៉ុន​មហាព្រហ្ម រួច​ផ្ងា​ដៃ​ឲ្យ​អស់​សេនា​យោធា​ធ្វើ​ជា​ស្ពាន​ចម្លង​ទៅ​កោះ​លង្កា ហនុមាន​អួត​ថា​ខ្លួន​នឹង​លា​កន្ទុយ​ព័ទ្ធ​ឆ្នេរ​ឯនាយ ហើយ​យក​ដៃ​ម្ខាង​ចាប់​ឆ្នេរ​ខាង​អាយ​រួច​ឲ្យ​ចូល​ជិត​គ្នា​ដើម្បី​ចម្លង​ ទ័ព ។

អង្គត​ធានា​ថា​នឹង​ស្រូប​យក​ ទឹក​សមុទ្រ​ឲ្យ​អស់​ដើម្បី​ឲ្យ​ទ័ព​ដើរ​កាត់​ទៅ​ស្រុក​លង្កា ព្រះរាម​ពុំ​យល់​ព្រម​ក៏​លើក​ធ្នូ​សរ​អគ្គិវាស​ថ្លែង​ឆេះ​មហាសមុទ្រ ។ នាង​មេខលា​ភិតភ័យ​ឡើង​មក​សុំ​អង្វរ​ព្រះរាម​ ធានា​ជួយ​សង់​ស្ពាន​ថ្វាយ​ព្រះរាម​ឲ្យ​បាន​ស្រេច​ដូច​ប្រាថ្នា ។

លុះ​ដឹង​ថា​ព្រះរាម​លើក​ទ័ព​មក​លង្កា​ហើយ រាពណ៍​ក៏​រៀប​ចំ​ទ័ព​ដែរ ។

ខ្សែ​ទី​៨

ក្រុងរាពណ៍​បាន​ទូង​ស្គរ​ប្រមូល​ទ័ព ហើយ​បញ្ជា​ឲ្យ​ពិភេគ​ទាយ ​អំពី​វាសនា​នៃ​នគរ​លង្កា ពិភេគ​បាន​គន់គូរ ហើយ​ស្នើ​ក្រុងរាពណ៍​ឲ្យ​​យក​នាង​សិតា​ទៅ​ថ្វាយ​ព្រះរាម​វិញ ហើយ​បាន​ប្រៀប​ប្រដូច​រាពណ៍​ដែល​យក​នាង​សិតា​មក​ទៅ​នឹង​ក្អែក​ដែល​ពាំ​កែវ​ ពិទូរ្យ​សូរ្យកាន្ត ហើយ​កែវ​នោះ​នាំ​ឲ្យ​ឆេះ​សម្បុក ម្យ៉ាងទៀត​ប្រៀប​ទៅ​នឹង​ត្រី​ស៊ី​នុយ ។ ក្រុងរាពណ៍​ខឹង​ក៏​វាយ​ក្បាល​ពិភេគ​នឹង​ស្បែក​ជើង រួច​បណ្ដេញ​ចេញ​ពី​នគរ ។ ពិភេគ​ខឹង​ណាស់​នឹង​រស់​នៅ​ក្នុង​ព្រះនគរ​តទៅ​ទៀត​ខ្មាស់​ព្រះញាតិ​អស់​ពល​ សកល​យោធា ក៏​ភៀស​ខ្លួន​រត់​ទៅ​សុំ​ថ្វាយ​ខ្លួន​ព្រះរាម សូគ្រីព​ និង​ពល​ស្វា​ទាំង​អម្បាល​មាណ ឃើញ​ហើយ​ក៏​ចាប់​ពិភេគ​ទៅ​ថ្វាយ​ព្រះរាម ព្រះរាម​មិន​ទុក​ចិត្ត​ ក៏​ប៉ុន្តែ​ជម្ពូពាន​ជា​ហោរា​ថា ពិភេគ​ជា​ហោរា​ពូកែ​ណាស់ គាត់​មក​នេះ​គឺ​ដើម្បី​សុំ​ចុះ​ចូល​នឹង​ព្រះរាម ។ ព្រះរាម​រីករាយ​ទទួល​ពិភេគ​ឲ្យ​នៅ​ជាមួយ ថែម​ទាំង​បាន​ប្រទាន​រង្វាន់​ជាទី​គាប់​ព្រះទ័យ​ដល់​ពិភេគ​ទៀត ។ រីឯ​នាង​មណ្ឌោលគីរី ក៏​មាន​សុភវិនិច្ឆ័យ​រំលឹក​ស្វា

Comments

  1. សង្ខេបរៀងរាមកេរ្ត៍ខ្សែទី9

    ReplyDelete

Post a Comment