រឿង​ដើម​កំណើត នៃ​រាហូ ព្រះ​អាទិត្យ និង ព្រះ​ចន្ទ

ក្នុង​សាសនា​របស់​ព្រះ​ពុទ្ធ​វេស្សភូ មាន​គហបតី​ប្ដី​ប្រពន្ធ នៅ​ក្នុង​នគរ​ហង្សាបតី ជា​អ្នក​មាន​សទ្ធា​ជ្រះ​ថ្លា ថ្វាយ​ទាន​ដាក់​បាត​ដល់​ព្រះ​ពុទ្ធ​អង្គ​នោះ​រៀង​រាល់​ថ្ងៃ ។ គាត់​មាន​កូន​ប្រុស ៣ នាក់ កូន​ប្រុស​បង​ឈ្មោះ វត្តិកុមារ, កូន​កណ្ដាល​ឈ្មោះ ថុលកុមារ, កូន​ពៅ​ឈ្មោះ ទីឃាវុត្ត​កុមារ ។ លុះ​មាតា​បិតា​ធ្វើ​មរណ​កាល​ទៅ មាន​កាល​មួយ​ថ្ងៃ បង​ប្អូន​ទាំង ៣ នាក់​មក​ប្រជុំ​គិត​គ្នា​ថា "យើង​នឹង​គិត​ដណ្ដាំ​បាយ​ដាក់​បាត​ព្រះ​សម្មា​សម្ពុទ្ធ រក្សា​វង្ស​ត្រកូល​មាតា​បិតា​យើង​ទុក" ។ ប្អូន​ទាំង​ពីរ​នាក់​ឆ្លើយ​តប​ថា "បង​ឯង​ត្រូវ​ជា​អ្នក​កាន់​វែក​ចាំ​ដួស​បាយ​ចុះ, ប្អូន​កណ្ដាល ត្រូវ​លាង​ឆ្នាំង​ច្រក​អង្គរ លាង​យក​ទៅ​ដាក់​ដណ្ដាំ, ឯ​ប្អូន​ពៅ ត្រូវ​ជា​អ្នក​ដុត​ភ្លើង" ។ បង​ប្អូន​ទាំង​បី​នាក់​នោះ ចែក​មុខ​ក្រសួង​គ្នា​តែ​រៀង​ៗ ខ្លួន ។ ប្អូន​ពៅ ខំ​ដុត​ភ្លើង​ឲ្យ​ឆេះ​ឡើង​ខ្លាំង​ណាស់, ឆ្នាំង​បាយ​នោះ ក៏​ពុះ​ឡើង​សន្ធោ​សន្ធៅ​មហិមា, ឯ​កូន​ច្បង​នោះ ស្ទុះ​ទៅ​កាន់​វែក​មក​កូរ​បាយ, លុះ​កូរ​បាយ​ទៅ ត្រូវ​វេទនា​នឹង​ផ្សែង​ចូល​ភ្នែក ក៏​យក​វែក​បាយ​វាស​ក្បាល​ប្អូន​ពៅ ហើយ​ជេរ​ថា "អា​ឯង​ដូចម្ដេច​ក៏​ដុត​ភ្លើង​មិន​ឲ្យ​ឆេះ​ឡើង !" ។ ប្អូន​ពៅ ខឹង​នឹង​បង ក៏​តប​ថា "បង​ឯង មិន​ចេះ​រិះ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​សោះ ហ៊ាន​យក​វែក​វាយ​ក្បាល​អញ ដូចជា​អញ​នោះ​ខ្ញុំ​កំដរ នៅ​ស៊ី​ឈ្នួល​វា" ថា​ហើយ ក៏​បួង​ដៃ​ដាល់​ទៅ​បង​វិញ ប្រវាយ​ប្រតប់​ឈ្លោះ​គ្នា ។ ប្អូន​ពៅ​មាន​កម្លាំង ក៏​ស្ទុះ​ទៅ​យក​អង្រែ​មក​វាយ​សំពង​បង, ប្អូន​កណ្ដាល​ក៏​ស្ទុះ​ទៅ​ជួយ​បង ការ​ពារ​កុំ​ឲ្យ​វាយ​បាន ។

លុះ​បាន​ដណ្ដាំ​បាយ​ឆ្អិន​កាល​ណា ក៏​ដោះ​ដួស​បាយ​ចែក​គ្នា ។ ចៅ​វត្តិ​កុមារ​ជា​បង បាន​ភោជន​មាស​ដាក់​បាយ, ថុលកុមារ បាន​ភោជន​ប្រាក់​ដាក់​បាយ, ឯ​ទីឃាវុត្ត​កុមារ ខឹង​នឹង​បង យំ​សស្រាក់ ទៅ​កន្ត្រាក់​បាន​ឯ​លៀន​ខ្មៅ​ធំ​មក​ដាក់​បាយ ។ ចែក​ចំណែក​គ្នា​ស្រេច​ហើយ ពុំ​យូរ​ឡើយ ព្រះ​សម្មា​សម្ពុទ្ធ​វេស្សភូ ទ្រង់​និមន្ត​មក​បិណ្ឌ​បាត​ប្រោស​សត្វ​ទាំងឡាយ ។ កុមារ​ទាំង ៣ នាក់ ស្ទុះ​ទៅ​យក​បាយ​ដាក់​បាត្រ​តែ​រៀង​ខ្លួន ។

បង​ទី​មួយ ធ្វើ​សេចក្ដី​ប្រាថ្នា​ថា សូម​អានិសង្ស​ដែល​ខ្ញុំ​ដាក់​បាត្រ​នេះ ឲ្យ​បាន​ទៅ​កើត​ជា​ព្រះ​អាទិត្យ ឲ្យ​មាន​ឫទ្ធានុភាព មាន​រស្មី​ច្រាល​រន្ទាល​ដូច​មាស សម្រាប់​បំភ្លឺ​សព្វ​សត្វ​ទាំង​ពួង ក្នុង​ទ្វីប​ទាំង ៤ ហើយ​សូម​ឲ្យ​មាន​អាយុ ៩ លាន​ឆ្នាំ ។

ប្អូន​ទី​ពីរ ដាក់​បាត្រ​រួច​ហើយ ធ្វើ​សេចក្ដី​ប្រាថ្នា​ថា សូម​អានិសង្ស​ដែល​ខ្ញុំ​ដាក់​បាត្រ​នេះ ឲ្យ​បាន​ទៅ​កើត​ជា​ព្រះ​ចន្ទ​ទេវបុត្ត ឲ្យ​មាន​ពន្លឺ​ភ្លឺ​ច្រាល​រន្ទាល​ដូច​ជា​ប្រាក់ ត្រជាក់​ដូច​កែវ​មរកត សម្រាប់​សត្វ​លោក​ក្នុង​ទ្វីប​ទាំង ៤ ហើយ​សូម​ឲ្យ​មាន​អាយុ ៩ លាន​ឆ្នាំ ។

ប្អូន​ពៅ ដាក់​បាត្រ​រួច​ហើយ តាំង​សេចក្ដី​ប្រាថ្នា​ថា សូម​ឲ្យ​មាន​រូប​ធំ មាន​កម្លាំង​ខ្លាំង មាន​ឫទ្ធានុភាព​នោះ​ច្រើន​លើស​គេ​ក្នុង​ទ្វីប​ទាំង ៤ ។ បើ​បង​ទាំង​ពីរ​នាក់​នេះ​ឃើញ​ខ្ញុំ​វេលា​ណា ឲ្យ​រន្ធត់​ញាប់​ញ័រ​ខ្លាច​ខ្ញុំ ។

កុមារ​ទាំង ៣ នាក់ តាំង​ប្រាថ្នា​តែ​រៀង​ៗ ខ្លួន​ស្រេច​កាល​ណា ព្រះ​សម្មា​សម្ពុទ្ធ​វេស្សភូ ធ្វើ​ភត្តានុមោទនា​ស្រេច យាង​ទៅ​កាន់​វត្ត​វិញ ។

ចំណេរ​កាល​ក្រោយ​មក កុមារ​ទាំង ៣ នាក់ ស្លាប់​អំពី​លោក​នេះ ទៅ​កើត​តែ​រៀង​ខ្លួន គឺ​បង​ទី ១ ទៅ​កើត​ជា​ព្រះ​អាទិត្យ, ទី ២ ទៅ​កើត​ជា​ព្រះ​ចន្ទ, ប្អូន​ពៅ​ទៅ​កើត​ជា​រាហូ​អសុរិន្ទ ។

ទំនៀម​ខ្មែរ ដែល​នៅ​រាប់​អាន​គំនូរ​រូប​រាហូ​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះ​យល់​ឃើញ​ថា "រាហូ ជា​អ្នក​ខ្លាំង​ពូកែ មាន​អានុភាព​ច្រើន" បាន​ជា​គេ​គូរ​នៅ​ហោ​ជាង​វិហារ ឬ ជញ្ជាំង​ប្រាសាទ ឬ​ក៏ សាក់​នៅ​ជាប់​នឹង​ខ្លួន​ផង គឺ​គេ​ចង់​ឲ្យ​ខ្លួន​គេ​បាន​ពូកែ ដើម្បី​ការពារ​នូវ​ភយន្តរាយ​ទាំងឡាយ មាន​ខ្មោច​បិសាច​ជាដើម។

Comments