រឿង អ្នកតា ត្រងោល តាកែវ

អ្នកតាត្រងោល ស្ថិតនៅក្នុងឃុំពន្លៃ ស្រុកព្រៃកប្បាស ខែត្រតាកែវ។ តាំងពីដើមរៀងមករាល់ឆ្នាំ អ្នកស្រុក តែងធ្វើពិធីឡើងអ្នកតានេះ ដើម្បីសុំទឹកភ្លៀង ។ អ្នកតានេះមានឈ្មោះល្បីទូទៅពេញទាំងស្រុកព្រៃកប្បាសទាំងមូល។
ឯកម្មវិធីឡើងអ្នកតា ព្រមទាំងដើមកំណើតនៃអ្នកតានេះ ខ្ញុំនឹងអធិប្បាយដោយសង្ខេបជូនដូចតទៅ ៖ មានយាយម្នាក់ ឈ្មោះយាយដុល ផ្ទះនៅភូមិក្រវ៉ាលទាក សង្កាត់អង្កាញ់ ស្រុកព្រៃកប្បាស (តាកែវ) គាត់ជារូបអ្នកតាត្រងោល តែគាត់ទទួលអនិច្ចកម្មហើយ។ កាលដែលគាត់នៅរស់នៅឡើយ កាលណាជិតដល់កំណត់ថ្ងៃខែ ដែលត្រូវឡើងអ្នកតា នោះ គាត់តែងដើររៃប្រាក់ រៃស្រូវអំពីអ្នកស្រុកគ្រប់គ្នា យកទៅរៀបចំចាត់ចែងឡើងអ្នកតារៀងរាល់ឆ្នាំពុំដែលខាន ។ លុះគាត់មកអង្គាសដល់ផ្ទះខ្ញុំៗក៏បានសាកសួរ គាត់អំពីរឿងឡើងអ្នកតានោះ យ៉ាងណាៗខ្លះ? យាយដុលក៏បានឆ្លើយ ប្រាប់មកខ្ញុំវិញថា ៖ “ ឪ! ចៅអើយ របៀបឡើងអ្នកតានោះ យាយមិន គួរនិយាយសោះ ព្រោះអាសអាភាសពន់ពេក ណាស់ លាក់បាំងអីចៅអើយ! ដល់ពេលឡើងអ្នកតានោះម្តងៗ គេដេញប្រុសៗចេញឱ្យអស់ ហើយស្រីៗទាំងប៉ុន្មាននាក់ ដែលនៅឡើងអ្នកតានោះ គេនាំគ្នាដោះសំពត់អាវចេញពីខ្លួនអស់នៅតែខ្លួនទទេ រួចហើយស្រីខ្លះដំក្បាលជង្គង់ធ្វើស្គរ ស្រីខ្លះយកឈើមកធ្វើជាទ្រ ជាចាប៉ី ប៉ីអ ស្រីខ្លះច្រៀងរាំ លេងសប្បាយតាមមតិរៀងៗខ្លួន រួចអំពីធ្វើភ្លេង ច្រៀង រាំ ក៏ចាប់ផ្តើមបោកចំបាប់គ្នា បោកផ្តួលរួច ទៅដេញចាប់ គ្នាទៀត ខ្លះទៅយកដុំថ្មរូបអ្នកតាពីលើខ្ទមមក ហើយសួរថា ៖ លោកតាឱ្យភ្លៀង ឬមិនឱ្យភ្លៀងទេ បើមិនឱ្យភ្លៀងទេ យើងនឹងនាំគ្នាជិះជាន់លោកតាឯងទាល់តែស្លាប់ ស្រីៗឯទៀតក៏ នាំគ្នាឆ្លើយដោយឧបកិច្ចថា ៖ យើងឱ្យភ្លៀងហើយ ! យើងឱ្យភ្លៀងហើយ ! ” ។ គេលេងដូច្នេះ ចាប់តាំងពីម៉ោងបីរ សៀលរហូតដល់ម៉ោង៥ ទើបឈប់ ។

តមកពួកស្រីក្មេងៗ ក្នុងចំណោមស្រីអ្នកលេងទាំងប៉ុន្មាន ក៏នាំគ្នាដងទឹកយកមក ឱ្យស្រីចាស់ៗអ្នកលេងនោះងូត ជួនកាលមានភ្លៀងធ្លាក់ក្នុងថ្ងៃនោះក៏មាន រំលង២-៣ថ្ងៃទើបមានភ្លៀងក៏មាន គឺថា ឆុតឆាប់ណាស់។ របៀបឡើងអ្នកតានោះ គេលេងភ្លេងឧបកិច្ច គ្មានលេងភ្លេងមែនទែនទេ។ ឯប្រដាប់ប្រដាគ្រឿង សំណែនវិញមាន ៖គោ១ ស្រា១ឪទិនរាល់ៗឆ្នាំ ។ ព្រោះហេតុនោះហើយ បានជាដល់រដូវថ្ងៃខែឡើងអ្នកតា គេដើរ រៃប្រាក់ រៃស្រូវពីអ្នកស្រុក ដើម្បីនឹងយកទៅចាត់ចែងការនោះ ឱ្យបានគ្រប់គ្រាន់ ។ កាលដែលយាយដុលនិយាយចប់ ហើយ ខ្ញុំក៏សួរតទៅទៀត ៖ “លោកយាយ ! ចុះអ្នកតាហ្នឹងម្តេចក៏ត្រូវការតែស្រី ម្លេះ!? បណ្តោយស្រីៗអាក្រាតឱ្យជិះ ជាន់ប្រព្រឹត្តអាការមិនគប្បីដូច្នេះ? ម៉្យាងទៀត រឿងដើម តើយ៉ាងណាបានជាគេហៅ “អ្នកតាត្រងោល” ពីដើមមក គាត់ចេះមន្តអាគមអ្វី បានជាហៅភ្លៀងបានធ្វើថ្ងៃណាភ្លៀងថ្ងៃហ្នឹង ?” ។ យាយដុលក៏និយាយថា ៖ “យាយបានដឹង បន្តិចបន្តួច តាមឮចាស់ៗ និទានតៗមកថាៈ អ្នកតាហ្នឹងកាលដើម ជាមនុស្សធម្មតា តែមិនដឹងឈ្មោះអ្វីឱ្យបានប្រាកដទេ គាត់កោរត្រងោល ចេះមន្តអាគមច្រើន ជាអ្នកខ្លាំងពូកែណាស់ បើមេឃងងឹតប្រុងនឹងភ្លៀង គាត់គ្រាន់តែបាចអង្ករ សូត្រស្រែកមន្តអាគមទៅ ខ្យល់ផាត់មេឃស្រឡះធេង បាត់ពពក ភ្លៀងអស់មួយរំពេច។ បើគាត់ចង់ឱ្យភ្លៀងវិញគាត់ តាំងពិធី មានស្លាធម៌ បាយសី ប្រដាប់ប្រដាគាត់ជាច្រើនទៀត ហើយសូត្រមន្តអាគម “មហាមេឃមហាដាល” របស់គាត់ មិនយូរប៉ុន្មាន មេឃឡើងខ្មៅភ្លៀងធ្លាក់ចុះមួយរំពេច។ អ្នកស្រុកឃើញដូច្នោះ កោតខ្លាចគោរពរាប់អាន គាត់គ្រប់គ្នា។

លុះគាត់ស្លាប់ទៅអ្នកស្រុកនៅតែគោរពគាត់ជានិច្ច ទើបយកដីឥដ្ឋមកប៉ាន់ធ្វើជារូបគាត់ឡើង មានក្បាល ត្រងោលដូចរូបគាត់កាលនៅរស់ បើគេចង់បានទឹកភ្លៀង គេនាំគ្នារៀបចំធ្វើគ្រឿងពិធីការបូជាគាត់ សុំទឹកភ្លៀងរៀង រាល់ឆ្នាំ តាមចំណាំដែលធ្លាប់ឃើញ គាត់ធ្វើអំពីកាលដែល គាត់នៅរស់នោះរៀងរហូតដល់សព្វថ្ងៃ ។ ខ្ញុំក៏សួរបញ្ជាក់ យាយដុលទៀតថា ៖ ចុះហេតុអ្វីក៏ចាំឱ្យស្រីៗអាក្រាតកេរ្តិ៏ខ្មាស់ទៅធ្វើដូច្នេះ យាយក៏ឆ្លើយថា ខ្ញុំលែងដឹងហើយ ចៅឯង លែងសួរខ្ញុំទៅ ខ្ញុំមិនដឹងទេ ។ ខ្ញុំបាននិយាយទៅយាយនោះវិញថា តាមមតិរបស់ខ្ញុំៗយល់ថា ៖ ប្រហែលជាតាត្រងោល ហ្នឹង កាលគាត់នៅរស់នៅឡើយ គាត់ស្អប់ស្រីៗណាស់ បើឃើញស្រីៗទៅប្រឡែងនឹងគាត់ៗតែងឱ្យវត្ថុអ្វីៗទៅស្រីនោះ ដើម្បីអោយដើរ ចេញពីគាត់ឆាប់ៗទៅ ព្រោះគាត់ជិនណាយ ធុញទ្រាន់នឹងកាមតណ្ហា ។ ហេតុនេះហើយ បានជាអ្នក ស្រុកកាលណាចង់បានទឹកភ្លៀង ឱ្យស្រីៗអាក្រាតទៅជិះជាន់គាត់ៗ ធុញថប់គាត់ៗក៏ខំ សូត្រអាគមខាបទឹកភ្លៀងមកឱ្យ ឆាប់ៗ ដើម្បីឱ្យស្រីអស់ហ្នឹងឆាប់នាំគ្នាទៅផ្ទះឱ្យស្រឡះពីមុខគាត់ទៅ ក្រែងអីចឹងទេ ដឹងលោកយាយ? យាយឆ្លើយថា យាយលែងដឹងហើយចៅ យាយលាទៅផ្ទះហើយ ។

Comments